សហគមន៍កសិកម្មទំនើបចំនួនពីរក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបង ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវជិត ៥ពាន់តោន ដែលមានទំហំទឹកប្រាក់ប្រមាណ ១,២ លានដុល្លារ ជាមួយក្រុមហ៊ុនបៃតងកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- សហគមន៍ចំនួនពីរ ក្នុងនេះសុទ្ធសឹងជាសហគមន៍កសិកម្មទំនើបដែលដាំដុះលើដំណាំស្រូវក្នុងនេះមួយនៅខេត្តបន្ទាយមានជ័យ និងមួយទៀតនៅខេត្តបាត់ដំបង បានចុះកិច្ចសន្យាក្នុងការផ្គត់ផ្គង់ដំណាំស្រូវជិតពាន់តោនក្នុងទំហឹទឹកប្រាក់ ១,២ លានដុល្លារ ជាមួយក្រុមហ៊ុនបៃតងកម្ពុជា។

មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះថា កសិករចំនួន ៣៤៩ គ្រួសារ មកពីសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ និងសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ បានរួមគ្នាចុះកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យាលើផ្ទៃដីសរុប ១ ៥១៧ ហិកតា។ កិច្ចសន្យានេះធ្វើឡើងដើម្បីផ្គត់ផ្គង់ស្រូវផ្ការំដួល ស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាល ដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង បូករួមទាំងការផ្តល់បុព្វលាភ (ប្រាក់លើកទឹកចិត្ត) បន្ថែមពី ៣០ ទៅ ៦០ រៀល ក្នុងមួយគីឡូក្រាម។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ឱ្យដឹងដែរថា តាមរយៈការសម្របសម្រួលតភ្ជាប់ទីផ្សារទុកជាមុនពីក្រសួងកសិកម្ម បងប្អូនកសិករជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗដូចជា៖ តម្លៃសមរម្យ និងការពារពីហានិភ័យទីផ្សារ, ធាតុចូល(ពូជ ជី ថ្នាំ) មានគុណភាពខ្ពស់ តម្លៃទាបជាងទីផ្សារនិង ទុនបង្វិល មានអត្រាការប្រាក់ទាប ពេញមួយរដូវកាលផលិតកម្មជាដើម៕





ដោយ៖ មករា





