ពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥
AKP ព្រះវិហារ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អង្គការដៃគូ អភិបាលក្រុង ស្រុក នាយកសាលា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានឆ្លុះបញ្ចាំងអំពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំសិក្សា២០២៣-២០២៤ និងលទ្ធផលនៃសន្និបាតដែលបានប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃ ប្រមូលបាននូវធាតុចូលសំខាន់ៗ និងមេរៀនបទពិសោធន៍ល្អៗជាច្រើនក្នុងការឆ្លើយតប និងចូលរួមការដោះស្រាយនូវបញ្ហាប្រឈមដើម្បីដាក់ចេញជាទិសដៅផែនការរួមមួយ សម្រាប់អនុវត្តក្នុងឆ្នាំសិក្សា២០២៤-២០២៥។

ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រី បុគ្គលិក លោកគ្រូ អ្នកគ្រូដែលបានខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតសម្រេចបាននូវលទ្ធផលការងារល្អប្រសើរគួរឱ្យកត់សម្គាល់។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានមានប្រសាសន៍ផ្តល់អនុសាសន៍ដល់មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់ទៅលើអទិភាពបួនចំណុចរបស់ក្រសួងអប់រំ យុវជន និងកីឡា រួមមាន ការអប់រំឌីជីថល ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សាការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាពការអប់រំកាយ និងកីឡា ដើម្បីជំរុញ និងលើកម្ពស់វិស័យអប់រំនៅខេត្តព្រះវិហារឱ្យសម្រេចបាននូវទិសដៅសំខាន់ៗ និងការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕
ដោយ ទិត ស្រ៊





