ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញប្រកាសចូលកាន់តំណែងមេបញ្ជាការកងរាជអាវុធហត្ថស្រុកគូលែន ខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រកាសចូលកាន់តំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយប្រកាសលោកអនុសេនីយ៍ឯក ចាន់ ស៊ី អតីតមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ជំនួសលោកវរសេនីយ៍ត្រី នួន ភារៈ ដែលត្រូវផ្ទេភារកិច្ច តែងតាំងមុខតំណែងជានាយសេនាធិការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ។ ពិធីប្រកាសចូលកាន់មុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែននេះ មានការចូលរួមពីលោកមេបញ្ជាការរង នាយការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុកគូលែន មន្ត្រីរាជការ និងអង្គភាពពាក់ព័ន្ធក្នុងស្រុកគូលែនជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្តចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានស្រុកបានយ៉ាងល្អប្រសើរ ស្របតាមបទបញ្ជានិងការណែនាំដ៍ខ្ពង់ខ្ពស់របស់លោកអគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ត្រីក៏បានថ្លែងនូវការចូលរួមអបអរសាទរចំពោះលោកអនុសេនីយ៍ឯក ចាន់ ស៊ី ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់នូវសេចក្តីទុកចិត្តតែងតាំងមុខតំណែងជាមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគូលែន ការទទួលមុខតំណែងថ្មីនាពេលនេះ គឺជាការទទួលខុសត្រូវខ្ពស់ ត្រូវខិតខំយកចិត្តទុកដាក់ទ្វេរដងលើការងារសន្តិសុខក្នុងមូលដ្ឋាន ក៏ដូចជាការងារនៅក្នុងអង្គភាពទាំងមូល។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ក៏ដាក់បទបញ្ជាបន្ថែមដល់កម្លាំងកងរាជអាវុធហត្ថក្នុងខេត្តព្រះវិហារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បង្រ្កាបរាល់បទល្មើសនានាដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេសបទល្មើសជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ចោរលួចចោរប្លន់ ព្រមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទផងដែរ៕
ដោយ ទិត ស្រ៊





