ប្រតិភូកម្មវិធីយុវជនលើកទី៤ សម្តែងនូវការពេញចិត្តនៃការបដិសណ្ឋារកិច្ចរបស់កម្ពុជា
AKP សៀមរាប ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍បែបនេះ ខណ:ដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ដឹកនាំក្រុមការងារសម្របសម្រួលជូនប្រតិភូយុវជនលើកទី៤ ស្ដីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនមកពីបណ្ដាប្រទេសចំនួន៩ រួមមាន កម្ពុជា ថៃ មីយ៉ាន់ម៉ា ព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និងចិន មកបំពេញទស្សនកិច្ចសិក្សានៅលើទឹកដីព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើទឹកដីខេត្តសៀមរាប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបញ្ជាក់បន្ថែមថា យុវជនទាំងអស់បានសម្ដែងនូវការសប្បាយរីករាយពេលដែលបានមកកាន់ទឹកដីដ៏ស្រស់ត្រកាលរបស់កម្ពុជាតាមរយៈការបដិសណ្ឋារកិច្ចរបស់សមត្ថកិច្ចកម្ពុជា ទាំងការបំពេញបែបបទចូលប្រទេសកម្ពុជា ការបដិសណ្ឋារកិច្ចនូវការងារសុវត្ថិភាព សុខភាព ចំពោះពួកគាត់ដែលបានធ្វើឡើងតាំងពីខេត្តបន្ទាយមានជ័យ រហូតដល់ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯកបានលើកឡើងថា កំឡុងពេលដែលយុវជនទាំងអស់ស្នាក់នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាគឺយើងបានរៀបចំនូវប្រព័ន្ធសម្របសម្រួលប្រកបដោយប្រសិទ្ធភាពដែលកើតឡើងពីកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ គណៈកម្មាធិការពិនិត្យគ្រឿងញៀនខេត្តសៀមរាប អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីផ្ដល់នូវផាសុខភាពជូនយុវជនយើងទាំងអស់ដើម្បីពួកគាត់មានមូលដ្ឋានក្នុងការផ្សាយនូវភាពរីកចម្រើនរបស់ប្រទេសកម្ពុជាទៅកាន់ប្រជាជនរបស់គេក៏ដូចជាទៅកាន់ពិភពលោកផងដែរ៕

ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន





