សន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥
AKP កំពង់ធំ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- លោក ជា វ៉ាន់ចាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំយុវជននិងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ នៅសាលប្រជុំគរុកោសល្យ និងវិក្រឹត្យការ ហ៊ុន សែន កំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋានព្រមទាំងអង្គការដៃគូអភិវឌ្ឍជាតិ-អន្ដរជាតិ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ រួចមក លោក ជា វ៉ាន់ចាន់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលខេត្តកំពង់ធំសម្រេចបានលើវិស័យអប់រំជាពិសេសលទ្ធផលសិក្សារបស់សិស្សានុសិស្សក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានអត្រាសិស្សប្រឡងជាប់រហូតដល់៩៣,២៧ភាគរយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ដើម្បីផ្ដល់នូវសេវាអប់រំមួយដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្ស ជាពិសេសចូលរួមយ៉ាងសកម្មនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ ជាការពិតណាស់ ពិភពលោកទាំងមូលកំពុងតែដើរចូលទៅក្នុងយុគសម័យថ្មីគឺយុគសម័យនៃបច្ចេកវិទ្យាឌីជីថល តម្រូវការធនធានមនុស្សដែលមានចំណេះដឹង បំណិនខ្ពស់ សម្រាប់ការកសាងនូវសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថលប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។

លោកអភិបាលរងបានបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញឱ្យអនុវត្តនូវវិធានការគន្លឹះចំនួន៤ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ វិធានការគន្លឹះទាំង៤នោះ រួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យកែសម្រួលរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថ របស់សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាព របស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលារៀន និងទី៤. ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ តាមរយៈការយកចិត្តទុកដាក់ជំរុញនិងលើកទឹកចិត្តដល់ការចូលរួម របស់មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ និងអ្នកពាក់ព័ន្ធ ក្នុងវិស័យអប់រំ។

លោកបានបន្តថា ដើម្បីពង្រឹងគុណភាពអប់រំបន្ថែម ភាគីពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យមើលការផ្តល់សេវាអប់រំជាកញ្ចប់តាំងពីកម្រិតកុមារតូច ដល់មធ្យមសិក្សា ដោយគុណភាពអប់រំផ្អែកលើកត្តាចូលរួមចំនួន៥ រួមមាន នាយកសាលា គ្រូបង្រៀន សិស្ស ការគាំទ្រពីគ្រួសារ និងការគាំទ្រពីក្រសួង និងភាគីពាកព័ន្ធ និងបានសម្ដែងការជឿជាក់យ៉ាងមុតមាំថា សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល សូមយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់នូវគ្រប់បទបង្ហាញ និងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកឱ្យបានផុសផុល ដើម្បីស្វែងរកចំណុចខ្លាំងយកទៅអនុវត្តនៅមូលដ្ឋានរៀងៗខ្លួន និងសូមអំពាវនាវដល់បុគ្គលិកអប់រំ គ្រូបង្រៀន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ ព្រឹទ្ធាចារ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងអង្គការជាតិអន្ដរជាតិ សប្បុរសជននានា សូមមេត្ដាបន្ដចូលរួម ជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដើម្បីបុព្វហេតុវិស័យអប់រំនេះមានការរីកចម្រើនតទៅអនាគត៕


ដោយ ស៊ុម វណ្ណា





