ប្រមុខការទូតកម្ពុជា សម្តែងការអបអរសាទរចំពោះការប្រារព្ធខួប ៧៧ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយក្នុងរយៈពេល ៧៧ឆ្នាំ កន្លងមកនេះ ប្រទេសចិន បានជម្នះនូវការលំបាក និងធ្វើការអភិវឌ្ឍប្រទេសឥតឈប់ឈរ សម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងទាំងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយកម្ពុជា មានសុទិដ្ឋិនិយមថា ចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត នឹងសម្រេចបាននូវគោលដៅថ្មីៗបន្ថែមទៀត។ ការថ្លែងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីយ៉ាងដូច្នេះ ក្នុងពិធីអបអរសាទខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្រោមការរៀបចំរបស់ស្ថានទូតចិន ប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ឆ្នាំ២០២៦នេះគឺជាខួបទី៧០ នៃព្រះរាជទស្សនកិច្ចលើកដំបូងបង្អស់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលបានស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ដោយបានបើកទំព័រប្រវត្តិសាស្ត្រនៃចំណងមិត្តភាពកម្ពុជា-ចិន ដោយក្នុងរយៈពេលជាង ៧ទសវត្សរ៍កន្លងមកនេះទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានបន្តពូនជ្រុំដោយយកចិត្តទុកដាក់ខ្ពស់បំផុតពីថ្នាក់ដឹកនាំជំនាន់ក្រោយ នៃប្រទេសទាំងពីររហូតមានការរីកចម្រើនឥតឈប់ឈរ ក្លាយជាមិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរតែងតែគាំទ្រផលប្រយោជន៍ស្នូល និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងថា ប្រទេសចិន បានគាំទ្រកម្ពុជា យ៉ាងពេញទំហឹងក្នុងការប្រកាន់មាគ៌ាអភិវឌ្ឍន៍ដោយចីរភាព ហើយចំណែកកម្ពុជា វិញក៏តែងតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ ដោយចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ស៊ីចាង និងហ្ស៊ីនចាង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន សុទ្ធសាធ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ថែមថា៖ «ប្រទេសយើងទាំងពីរបន្តរក្សាបានប្រពៃណីដ៏ល្អក្នុងការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទាក់ទងគ្នាយ៉ាងញឹកញាប់ និងជិតស្និទ្ធ ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ»។

ក្នុងឱកាសនេះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍ទី៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និង កម្ពុជា ដោយទំនាក់ទំនងទ្វេភាគីនៅតែបន្តរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ដ៏រឹងមាំ បានបង្ហាញពីលក្ខណៈពិសេសដ៏ជាក់ស្តែងកម្រិតខ្ពស់ ទូលំទូលាយ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។ ឯកឧត្ដមបានបន្ដថា ចិន និងកម្ពុជា គឺជាមិត្ដភក្ដិដ៏ពិតប្រាកដ និងជាដៃគូដ៏ល្អ ដែលបានរួមសុខ រួមទុក្ខជាមួយគ្នា និងជឿទុកចិត្ដគ្នាទៅវិញទៅមក ចំណងមិត្ដភាពដែកថែបរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ និងយូរអង្វែង។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានរំលេចផងដែរថា កម្ពុជា មានសក្ដានុពលអភិវឌ្ឍន៍យ៉ាងធំធេង និងធំទូលាយ ហើយភាគីចិន គាំទ្រយ៉ាងមុតមាំចំពោះកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដោយខ្លួនឯង ហើយតែងតែជាដៃគូដែលទទួលបានការជឿទុកចិត្ដបំផុតនៅក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបន្ថែមថា ចាប់តាំងពីដើមឆ្នាំនេះមក លទ្ធផលនៃដំណើរទេស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន អញ្ជើញមកកាន់កម្ពុជា កាលពីឆ្នាំមុនត្រូវបានអនុវត្តន៍យ៉ាងជាក់ស្តែង ហើយចំពោះដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ទៅកាន់ប្រទេសចិន បានធ្វើឱ្យទំនាក់ទំនងកម្ពុជា និងចិន ឈានដល់កម្រិតថ្មីមួយថែមទៀត៕


ដោយ៖ ចាន់ សុភឿន, រូបថត៖ លន ហ្សាឌីណា





