អភិបាលខេត្តបន្ទាយមានជ័យ៖ ការគោរពរដ្ឋធម្មនុញ្ញ គឺជាការគោរពគោលការណ៍នៃនីតិរដ្ឋ និងមូលដ្ឋានគ្រឹះនៃសង្គម
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគោរព និងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយចាត់ទុកថា ការគោរពរដ្ឋធម្មនុញ្ញ គឺជាការគោរពគោលការណ៍នៃនីតិរដ្ឋ និងជាមូលដ្ឋានសម្រាប់ការអនុវត្តតួនាទី ភារកិច្ចរបស់ស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋក្នុងសង្គម។
ការគូសបញ្ជាក់នេះធ្វើឡើងក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាលើកទី២ ដើម្បីរំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ដែលរៀបចំឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បានលើកឡើងថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកំណត់នូវគោលការណ៍ជាមូលដ្ឋានសម្រាប់ការរៀបចំ និងដំណើរការរបស់រដ្ឋ ព្រមទាំងការធានាសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការចូលរួមគោរពរដ្ឋធម្មនុញ្ញ មិនមែនជាពិធីរំលឹកតាមប្រពៃណីតែប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតីគោរពច្បាប់ និងការទទួលខុសត្រូវរួមក្នុងការថែរក្សាគោលការណ៍នៃនីតិរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តយករដ្ឋធម្មនុញ្ញ និងច្បាប់ជាមូលដ្ឋានក្នុងការអនុវត្តការងារ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។ ការអនុវត្តតួនាទីដោយស្របច្បាប់ និងមានការទទួលខុសត្រូវ នឹងរួមចំណែកដល់ការពង្រឹងការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុ រាត្រី ក៏បានលើកទឹកចិត្តឱ្យយុវជន និងប្រជាពលរដ្ឋ បន្តសិក្សាស្វែងយល់អំពីរដ្ឋធម្មនុញ្ញ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមគោរព និងអនុវត្តន៍ច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កើតសង្គមមួយដែលមានការយល់ដឹងអំពីច្បាប់ មានសណ្តាប់ធ្នាប់ និងមានការទទួលខុសត្រូវ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការរួមគ្នារបស់គ្រប់ភាគីក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន ដោយត្រូវប្រកាន់ខ្ជាប់នូវច្បាប់ និងគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ការយល់ដឹង និងការគោរពច្បាប់របស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់មួយក្នុងការធានាឱ្យការអភិវឌ្ឍសង្គមប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ និងនិរន្តរភាព។
ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញលើកទី២នេះ ក៏ជាឱកាសបង្ហាញពីស្មារតីគោរពរដ្ឋធម្មនុញ្ញ និងការចូលរួមរបស់ស្ថាប័ន អង្គភាព មន្ត្រីរាជការ និងយុវជន នៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងការរំលឹកពីតម្លៃ និងសារៈសំខាន់របស់ច្បាប់កំពូលរបស់ជាតិ។

សូមបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមប្រឹក្សា និងអភិបាល នៃគណៈអភិបាលក្រុង-ស្រុក មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមយុវជនយ៉ាងច្រើនកុះករ៕
ដោយ ឈុន សារ៉ាត





