សិស្សថ្នាក់ទី៨ ទី៩ ចំនួន ៤០០នាក់ នៃសាលាអន្ដរទ្វីបអាម៉េរិកាំង ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥--សិស្សសាលាអន្តរទ្វិបអាមេរិកាំងការិយាល័យកណ្តាលថ្នាក់ទី៨ ទី៩ ចំនួន៤០០នាក់ ទទួលបានចំណេះដឹងពីសិក្ខាសាលាស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug ដើម្បីចូលរួមបង្ការ និងទប់ស្កាត់បញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន។

ថ្លែងក្នុងសិក្ខាសាលា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោក ដាង វិបុល នាយកចាងហ្វាងការិយាល័យកណ្ដាលសាលាអន្តរទ្វីបអាម៉េរិកាំងបានរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់នូវបញ្ហាផ្សេងៗពាក់ព័ន្ធនឹងគ្រឿងញៀនសាលាបានរៀបចំនូវសិក្ខាសាលាស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និង App NoDrug ជូនដល់សិស្សថ្នាក់ទី៨ និងទី៩ ។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំនូវការកោតសរសើរ និងថ្លែងអំណរគុណពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកសាលាអន្តរទ្វីបអាម៉េរិកាំង និងគណៈគ្រប់គ្រងការិយាល័យកណ្ដាលដែលបានចូលរួមលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀន ជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។ ឯកឧត្ដមឧត្តមសេនីយ៍ឯកបានលើកឡើងថា គ្រឿងញៀននៅតែបង្កបញ្ហាស្មុគស្មាញ គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ការចូលរួមគ្រប់សកម្មភាពធ្វើយ៉ាងណាឱ្យសិស្សានុសិស្សរបស់យើងមិនទៅពាក់ព័ន្ធនឹងអំពើអបាយផ្សេងៗដែលនាំទុក្ខទោសដល់ខ្លួនឯង ពិសេសបង្កការលំបាកដល់ក្រុមគ្រួសារ នាំបញ្ហាដល់សង្គមជាតិនោះ គឺជាសកម្មភាពមួយល្អប្រពៃដែលយើងទាំងអស់គ្នាត្រូវតែនាំគ្នាចូលរួម។

ជាមួយគ្នានោះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានសំណូមពរដល់អ្នកចូលរួមសូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនប្រើបារីអេឡិកត្រូនិក និងរួមគ្នាផ្សព្វផ្សាយនិងប្រើប្រាស់App NoDrug : https://nodrugsnacd.com/download ដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានទាំងអស់គ្នា៕

ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





