ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករដែលកំពុងប្រឈមខ្វះទឹកប្រមាណជាង៤ពាន់ហិកតា ក្នុងស្រុកបាទី ខេត្តតាកែវ
AKP តាកែវ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងធនធានទឹកនិងឧតុនិយម បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍នៅទីតាំងស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ទន្លេបាទី ដែលកំពុងបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងប្រឈមមុខខ្វះទឹកស្រោចស្រព នៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា កិច្ចអន្តរាគមន៍បានអនុវត្តតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដោយក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានប្រើប្រាស់ស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ដែលមានស្រាប់ និងដាក់បន្ថែមម៉ាស៊ីនបូមចល័តកម្លាំង៦៥សេះចំនួន ៣គ្រឿង ដើម្បីបូមទឹកឱ្យបានឆាប់ពីក្នុងអាងទឹកទន្លេបាទីបញ្ចូលតាមប្រឡាយមេហនុមាន យកទឹកទៅជួយសង្គ្រោះស្រូវប្រាំងក្នុងចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ក្នុងឃុំចំនួន៩ នៃស្រុកបាទី ដែលក្នុងរយៈពេល៥ថ្ងៃនេះ ការបូមទឹកអន្តរាគមន៍សម្រេចបានប្រមាណ៧៥ម៉ឺនម៉ែត្រគូប។

ឯកឧត្តម ថោ ជេដ្ឋា បានមានប្រសាសន៍បន្តថា បន្ទាប់ពីក្រុមការងារបើកបញ្ចេញទឹកពីទំនប់អាងទឹកតាសាលក្នុងខេត្តកំពង់ស្ពឺ ប្រមាណ១៥លានម៉ែត្រគូប ក្នុងចម្ងាយប្រមាណ២០០គីឡូម៉ែត្រ តាមស្ទឹងព្រែកត្នោត មកកាន់តំបន់កំពង់ទួលទំនប់៧មករា បញ្ជូនតាមប្រឡាយ៧៨ចូលក្នុងអាងទន្លេបាទី ខេត្តតាកែវ បានធ្វើឱ្យកម្ពស់ទឹកក្នុងអាងទន្លេបាទីកើនពី៣លានម៉ែត្រគូបដែលជាកម្ពស់ទឹកមានក្នុងអាងស្រាប់ ឡើងដល់៤លានម៉ែត្រគូបអាចគ្រប់គ្រាន់ក្នុងការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនកសិករ។


សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ តាមផែនការបង្កបង្កើនផលស្រូវប្រាំងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ក្នុងស្រុកបាទី មានចំនួន២ពាន់ហិកតា។ ក៏ប៉ុន្តែការអនុវត្តការធ្វើស្រែប្រាំងជាក់ស្តែងមានរហូតដល់ទៅជាង៤ពាន់ហិកតា ក្នុងពេលដែលប្រភពទឹកនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារស្រោចស្រព ទើបបណ្តាលឱ្យផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករចំនួន៣៥០០គ្រួសារ ក្នុងឃុំក្រាំងធ្នង់ ឃុំពត់សរ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំចំបក់ ឃុំដូង ឃុំពារាម និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ប្រឈមមុខនឹងបញ្ហាខ្វះទឹក៕
ដោយ អ៊ុច សៀង





