អាជ្ញាធរជាតិអប្សរាបង្ហាញអ្នកជំនាញពិសេសខាងសម្អាតរុក្ខជាតិនៅតាមប្រាសាទ
AKP សៀមរាប ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥--
ការសម្អាតរុក្ខជាតិ និងស្មៅដែលដុះនៅតាមរួតនីមួយៗនៃកំពូលប្រាសាទខ្ពស់ៗនានាក្នុងរមណីយដ្ឋានអង្គរ ជាការងារដ៏លំបាកមួយដែលទាមទារនូវជំនាញ និងបទពិសោធន៍។ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ផ្នែកសម្អាតរុក្ខជាតិនៅតាមប្រាសាទរបស់អាជ្ញាធរជាតិអប្សរា បានបង្ហាញមន្រ្តីជំនាញរបស់ខ្លួនដែលមានបទពិសោធន៍ខ្ពស់នោះគឺលោក ដម ដេង មានអាយុ៦៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើងនៃសង្កាត់នគរធំ ក្រុងសៀមរាប។

លោក ងិន ធី អ្នកគ្រប់គ្រងការងារសម្អាតរុក្ខជាតិនៅតាមប្រាសាទ បានឱ្យដឹងថា លោក ដម ដេង បានចូលបម្រើការងារឱ្យអាជ្ញាធរជាតិអប្សរាតាំងតែពីឆ្នាំ២០០១មកម៉្លេះ។ ហើយបច្ចុប្បន្ន លោកបម្រើការក្នុងក្រុមព្រៃមន្ទីរនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ផ្នែកសម្អាតរុក្ខជាតិនៅតាមប្រាសាទ។ ហើយក្នុងភារកិច្ចជាអ្នកឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទនៅក្នុងរមណីយដ្ឋាន លោក ដម ដេង មានភាពស្ទាត់ជំនាញខាងបោះខ្សែរំលងប្រាសាទមានកម្ពស់ជាង២០ម៉ែត្រ សម្រាប់ឱ្យក្រុមការងារសម្អាតអាចឡើងដោយតោងតាមខ្សែនេះទៅសម្អាតរុក្ខជាតិ និងស្មៅដែលដុះនៅតាមរួតនីមួយៗនៃកំពូលប្រាសាទនានារបស់រមណីយដ្ឋានអង្គរ។

លោក ងិន ធី បានឱ្យដឹងទៀតថា ការងារសម្អាតរុក្ខជាតិតាមប្រាសាទ ពិតជាត្រូវការអ្នកជំនាញខាងបោះខ្សែជាចាំបាច់ ព្រោះថាតួប្រាសាទ ជាពិសេសប្រាសាទសាងសង់អំពីឥដ្ឋ មួយចំនួនក្នុងរមណីយដ្ឋានអង្គរមានកម្ពស់ខ្ពស់ៗ ខ្លះមានប្រវែងជាង២០ម៉ែត្រ ដែលមិនអាចឱ្យប្រើរន្ទារបានទេ។ ហើយប្រាសាទដែលត្រូវបោះខ្សែក្នុងពេលឡើងសម្អាត មានដូចជាប្រាសាទប្រែរូប ប្រាសាទមេបុណ្យខាងកើត ប្រាសាទបក្សីចាំក្រុង និងប្រាសាទក្នុងតំបន់រលួស ដែលប្រាសាទឥដ្ឋទាំងនោះពិបាកបោះខ្សែដើម្បីឡើងទៅសម្អាតខ្លាំងណាស់ ដោយសារតែកំពូលធ្វើពីឥដ្ឋមានភាពរលុះ បាក់បែក ពេលបោះទៅខ្សែអាចកៀបនៅតាមកន្លៀតឥដ្ឋ ដែលនឹងអាចដាច់ខ្សែបាន។
រីឯលោក ដម ដេង ក៏បានឱ្យដឹងពីជំនាញនៃការបោះខ្សែរបស់ខ្លួនថា ខ្សែដែលប្រើក្នុងការងារឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទឥដ្ឋមាន៥ប្រភេទគឺ៖ ទី១. ខ្សែសរសៃមីសួរដែលមានចងភ្ជាប់ដោយដុំសំណរប្រើសម្រាប់បោះរំលងប្រាសាទ ទី២. ខ្សែនីឡុងចងគោតូច ទី៣. ខ្សែនីឡុងចងគោធំ ទី៤. ខ្សែពួរកន្ទុយកណ្តុរតូច និងទី៥. ខ្សែពួរកន្ទុយកណ្តុរធំ។

ហើយជាដំបូង លោកបោះខ្សែទី១រំលងប្រាសាទពីម្ខាងទៅម្ខាង បន្ទាប់មកភ្ជាប់ខ្សែទី១ និង២រហូតដល់ខ្សែទី៥ ដែលមានទំហំធំអាចឱ្យក្រុមការងារតោងឡើងតាមខ្សែពួរនោះបានដោយរលូន និងសុវត្ថិភាព។ លោក ដម ដេង បានបញ្ជាក់ឱ្យដឹងថា ការបោះខ្សែពួរទៀតសោតក៏ត្រូវពិនិត្យមើលពីស្ថានភាពឥដ្ឋប្រាសាទដែលមានភាពរឹងមាំ មិនមានស្ថានភាពពុកផុយ ចៀសវាងទាក់ឬដាច់ខ្សែ ហើយបោះទៅតាមទិសខ្យល់ដើម្បីបោះទៅឱ្យត្រូវគន្លងដែលចង់បាន។ បើបរិយាកាសស្ងប់ខ្យល់ គឺបោះតែមួយដងអាចចំគោលដៅបានហើយ៕
ដោយ ហង្ស សៀក





