ពិធីសំណេះសំណាលជាមួយអាណាព្យាបាលសិស្សថ្នាក់ទី១២ ដើម្បីពង្រឹងកិច្ចសហការ និងជំរុញគុណភាពអប់រំ ត្រៀមឆ្ពោះទៅកាន់ការប្រឡងបាក់ឌុបនាពេលខាងមុខ
AKP ឧត្តរមានជ័យ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
លោកស្រី ហេង សុជាតិ អភិបាលរងក្រុងសំរោង បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយអាណាព្យាបាលសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានថ្លែងថា គោលបំណងសំខាន់ៗនៃកម្មវិធីនេះ គឺដើម្បីពង្រឹងកិច្ចសហការ បង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងសាលារៀន និងអាណាព្យាបាលសិស្ស ដើម្បីតាមដានការសិក្សារបស់សិស្សានុសិស្សឱ្យបានដិតដល់ ទាំងនៅសាលានិងនៅផ្ទះ។ លោកប្រធានមន្ទីរបានបន្ថែមទៀតថា ការជំរុញការត្រៀមប្រឡង ការលើកទឹកចិត្ត និងផ្ដល់ជាយុទ្ធសាស្ត្រដល់អាណាព្យាបាល ក្នុងការជួយជំរុញស្មារតីសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខ។

លោកស្រី ហេង សុជាតិ បានមានប្រសាសន៍ថា ការអប់រំគឺជាគ្រឹះនៃអនាគតដ៏ភ្លឺស្វាងរបស់យុវជន ការលើកកម្ពស់គុណភាពអប់រំ ការពិភាក្សា និងផ្លាស់ប្ដូរយោបល់លើការកែលម្អបរិស្ថានសិក្សា និងការផ្ដល់ការគាំទ្រផ្នែកសីលធម៌ដល់សិស្សានុសិស្ស ជាដំណាក់កាលដ៏សំខាន់បំផុត។ លោកស្រីបានបន្តថា ភាពជោគជ័យរបស់សិស្សានុសិស្ស មិនត្រឹមតែអាស្រ័យលើលោកគ្រូ អ្នកគ្រូប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការចូលរួមចំណែកយ៉ាងខ្លាំងក្លាពីសំណាក់អាណាព្យាបាល ក្នុងការផ្ដល់កម្លាំងចិត្ត និងបង្កលក្ខណៈងាយស្រួលដល់ការសិក្សារបស់កូនចៅយើងសម្រាប់អនាគត៕
ដោយ ទិត ស្រ៊





