មន្ទីរអប់រំរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤-២០២៥
AKP កណ្តាល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥-- មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តកណ្តាល ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅ ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាពឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកណ្តាល។
ក្នុងអង្គសន្និបាតនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាន៍ថា ដើម្បីឱ្យយុវជនយើងមានចំណេះដឹងខ្ពស់ សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម ធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដោយបានផ្តល់អាទិភាពជាចម្បងទៅលើវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស និងការលើកកម្ពស់ចំណេះដឹង កម្រិត ជំនាញរបស់យុវជនយើង ឆ្លើយតបយុទ្ធសាស្ត្របញ្ចកោណ ឆ្នាំ២០៣០ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះមន្ត្រីអប់រំសាធារណៈ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាខេត្តកណ្តាល ស្របតាមទិសដៅកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា មានជាអាទិ៍ ការប្រមូលកុមារចូលរៀនប្រកបដោយសមធម៌ គុណភាព និងបរិយាប័ន្ន នៅគ្រប់ភូមិសិក្សាទាំងក្នុងនិងក្រៅប្រព័ន្ធ ហើយបានបង្កលក្ខណៈអនុគ្រោះនានា ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋដែលជួបការលំបាក មានលទ្ធភាពចូលរៀន។ ការពង្រឹង និងពង្រីកអភិបាលកិច្ចគ្រឹះស្ថានសិក្សា ការដោះស្រាយតម្រូវការបន្ទាន់ភ្លាមៗ និងការបង្កើនអាហារូបករណ៍សម្រាប់សិស្សក្រីក្រ។


លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានមានប្រសាសន៍ថា តាមរយៈការធ្វើយុទ្ធនាការប្រមូលកុមារដល់វ័យសិក្សា ការសាងសង់អគារសិក្សា ការផ្តល់គ្រូបង្រៀន ការផ្តល់ថវិកាដំណើរការសាលារៀន ការផ្តល់អាហារូបករណ៍ដល់សិស្សមកពីគ្រួសារក្រីក្រ ជាពិសេសសិស្សនារីជាដើម បានបង្កលក្ខណៈ ឱ្យកុមារមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានការអប់រំ។ សិស្សសរុបនៅគ្រប់កម្រិតសិក្សាពីមត្តេយ្យ រហូតដល់វិទ្យាល័យមានចំនួន ២៨៥ ៧២២នាក់ ស្រី ១៤២ ១២០នាក់ កើនលើសឆ្នាំចាស់ ៤ ៩២១នាក់។ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ កន្លងទៅនេះ យើងទទួលបាននាយកល្អ០១នាក់ និងសាលារៀន ស្តង់ដាគំរូ ០៩ក្នុងនោះមាន មត្តេយ្យសិក្សា១ បឋមសិក្សា៣ អនុវិទ្យាល័យ១ និងវិទ្យាល័យ៤។ ចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៨តុលា ២០២៤ ចំនួនបេក្ខជនបានមកប្រឡង ១០ ៩៣៣នាក់ បេក្ខជនប្រឡងជាប់ សរុប ៩ ០៩១នាក់ ទូទាំងខេត្តកណ្តាល សម្រេចបាន ៨៣,១៥ភាគរយ កើន ៦,៦៦ភាគរយធៀបនឹងឆ្នាំ២០២៣៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





