រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំស្តីពីការពិនិត្យ វាយតម្លៃ វិស័យបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ
AKP កណ្តាល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកណ្តាលតែងតែយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន តាមរយៈការដាក់ចេញនូវវិធានការ និងយន្តការជាច្រើនដូចជា ការបង្កើតគណៈកម្មការដឹកនាំ តាមដាន ការប្រឡងប្រណាំង «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ការបង្កើតភ្នាក់ងារពិន័យអន្តរការណ៍ និងការរៀបចំយុទ្ធនាការ «សហគមន៍ស្អាត និងបៃតង» ជាដើម នេះគឺជាការបញ្ជាក់របស់លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ។

លោក គ្រុយ ម៉ាឡែន បានបន្តថា ទោះបីជាសេវាប្រមូលសំរាមបានគ្របដណ្តប់១២៧ ឃុំ សង្កាត់ ទូទាំងខេត្តក៏ដោយ ប៉ុន្តែការអនុវត្តន៍ជាក់ស្តែងនៅជួបបញ្ហាប្រឈមមួយចំនួនដូចជាការប្រមូលមិនទាន់បានដល់គ្រប់ភូមិ ការខ្វះខាតទីលានចាក់សំរាមស្តង់ដារនៅតាមក្រុង ស្រុកមួយចំនួន ឡដុតសំរាមមិនទាន់ដំណើរការពេញលេញ និងកម្រិតនៃការចូលរួមបង់សេវាពីប្រជាពលរដ្ឋនៅមានកម្រិត។ ដូចនេះ រដ្ឋបាលខេត្តនឹងបន្តពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុនប្រមូលសំរាម ព្រមទាំងជំរុញយន្តការថ្នាក់ក្រុង-ស្រុក និងឃុំ សង្កាត់ ឱ្យចុះអប់រំ ផ្សព្វផ្សាយ និងអនុវត្តលិខិតបទដ្ឋានគតិយុត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តកណ្តាល នឹងបន្តជំរុញការពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានរស់នៅស្អាត ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ជ្រិន សុខា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការ គ.គ.ស បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺមានគោលបំណងពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាននាពេលកន្លងមក បន្ទាប់ពីទទួលបានការផ្ទេរមុខងារ និងធនធានលើវិស័យបរិស្ថាន និងតាមដានបញ្ហាប្រឈម សំណូមពរ និងកត្តារាំងស្ទះនានាក្នុងការអនុវត្តន៍តួនាទី ភារកិច្ចនៅថ្នាក់មូលដ្ឋាន និងពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី និងមន្ទីរជំនាញដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួល និងអនុវត្តមុខងារដែលបានផ្ទេរប្រកបដោយការទទួលខុសត្រូវ។
ការផ្ទេរមុខងារ និងធនធានលើវិស័យបរិស្ថានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាជំហានយុទ្ធសាស្ត្រមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងគោលនយោបាយកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីបង្ខិតសេវា និងការដោះស្រាយបញ្ហាបរិស្ថានឱ្យកាន់តែជិតប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងសមត្ថភាពមន្ត្រី និងខិតខំស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមនានា ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចការពារបរិស្ថានប្រកបដោយបរិយាបន្ន លើសពីនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តជំរុញការអប់រំផ្លាស់ប្តូរឥរិយាបថសាធារណជន ឱ្យចេះបែងចែក និងទុកដាក់សំរាមបានត្រឹមត្រូវ ព្រោះភាពស្អាតរបស់សហគមន៍ គឺផ្តើមចេញពីការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ។

ក្នុងកិច្ចប្រជុំស្តីពី ការពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តន៍មុខងារលើវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើឡើងនៅខេត្តកណ្តាល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ជ្រិន សុខា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការ គ.គ.ស និងឯកឧត្តម បួន ហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





