ក្រុមប្រឹក្សាខេត្តតាកែវ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុកព្រៃកប្បាស
AKP តាកែវ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--ក្រុមប្រឹក្សាខេត្តតាកែវ និងរដ្ឋបាលខេត្តតាកែវ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុកព្រៃកប្បាស ដើម្បីដោះស្រាយកង្វល់ និងសំណូមពរ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ិត សារុន សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក យង់ សុវឌ្ឍនា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងស្រុកព្រៃកប្បាស ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលស្រុកព្រៃកប្បាស មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ យុវជនស.ស.យ.ក. និងប្រជាពលរដ្ឋ ចូលរួមជាច្រើនរូបផងដែរ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី២២ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ិត សារុន សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានលើកឡើងថា រាល់មតិយោបល់ ទុក្ខកង្វល់ និងសំណូមពរទាំងអស់ ដែលប្រជាពលរដ្ឋបានលើកឡើង គឺរដ្ឋបាលខេត្តមិនទុកចោលនោះឡើយ ដោយនឹងត្រូវយកមកពិនិត្យ និងដោះស្រាយជូនតាមដំណាក់កាលនីមួយៗ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្តម អ៊ិត សារុន ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ ដែលបានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរនៅមូលដ្ឋាន ដើម្បីឱ្យក្រុមប្រឹក្សាខេត្តធ្វើការប្រមូលផ្ដុំ ពិភាក្សា និងស្រាយបំភ្លឺដោយតម្លាភាព ស្របតាមគោលការណ៍ប្រជាធិបតេយ្យថ្នាក់មូលដ្ឋាន។

លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ បញ្ជាក់បន្ថែមអំពីការប្ដេជ្ញាចិត្តរបស់រដ្ឋបាលខេត្តតាកែវ ក្នុងការបន្តពង្រឹងយន្តការផ្តល់សេវាសាធារណៈ តាមរយៈការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលក្រុង-ស្រុក ឱ្យកាន់តែមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះដែរ ក៏បាន និងកំពុងពង្រឹងវិធានការ យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងទប់ស្កាត់អំពើជួញដូរគ្រឿងញៀន ក៏ដូចជាបញ្ហាក្មេងទំនើង។ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន និងសហគមន៍ ដោយស្របតាមគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

លោកអភិបាលរងខេត្តតាកែវ ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តអនុវត្តន៍នូវស្មារតី នៃគោលនយោបាយនេះប្រកបដោយស្មារតីទទួលខុសត្រូវ និងត្រូវចាត់ទុកកិច្ចការបង្កើនសុវត្ថិភាពនៅគ្រប់មូលដ្ឋាន ជាភារកិច្ចរួមរបស់យើងទាំងអស់គ្នា។ដើម្បីសន្តិសុខសង្គម ការរីកចម្រើន និងមុខមាត់នៃខេត្តរបស់យើងផងដែរ៕
ដោយ អ៊ុច សៀង





