ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់ ទទួល និងបញ្ចប់សុពលភាពលើការងារចំនួន២គម្រោង
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់ទទួល និងបញ្ចប់សុពលភាពលើការងារចំនួន២គម្រោង ស្ថិតនៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលអនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសរបស់នាយកដ្ឋានផ្លូវលំជនបទ តំណាងក្រុមការងាររបស់គ.ត.វ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មន្រ្តីជំនាញមន្ទីរ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានជួបសំណេះសំណាល និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ ជាពិសេសបាននាំយកវត្ថុអនុស្សាវរីយ៍ជាក្រម៉ាជូនដល់ប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ាមួយ និងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួម និងថែរក្សាសមិទ្ធផលផ្លូវ និងស្ពានដែលនៅក្នុងមូលដ្ឋាន ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង។

បន្ទាប់ពីកិច្ចត្រួតពិនិត្យ និងវាយតម្លៃរួចមក គណៈកម្មការអន្តរក្រសួងបានឯកភាពសម្រេចប្រគល់ទទួល និងបញ្ចប់សុពលភាពលើការអនុវត្តគម្រោងទាំងពីរ គឺ៖ គម្រោងទី១. ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ១១ ៥០០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅចាប់ពីផ្លូវជាតិលេខ ៦៧ ចំណុចភ្នំជាំ ឆ្លងកាត់ភូមិជាំ និងភូមិអូរក្រញ៉ូង ទៅកាន់ចំណុចក្បាលទន្សោង (តំបន់ស្នាក់នៅចុងក្រោយថ្នាក់ដឹកនាំនយោបាយខ្មែរក្រហម) ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងគម្រោងទី២. ការងារស្ថាបនាស្ពានបេតុងចំនួន ០១កន្លែង ប្រវែង ១០៨ម ទទឹង ១០ម និងស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុប ២០០ម ស្ថិតនៅភូមិព្រះពន្លា ទៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





