ផ្លូវប្រវត្តិសាស្រ្ត (ផ្លូវជាតិលេខ១០) តភ្ជាប់តំបន់ពាយ័ព្យទៅកាន់តំបន់ឆ្នេរលើកដំបូងជិតបញ្ចប់ការស្ថាបនាហើយ
AKP កោះកុង ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលជាផ្លូវប្រវត្តិសាស្រ្តតភ្ជាប់តំបន់ភូមិភាគពាយ័ព្យ ទៅកាន់តំបន់ឆ្នេរនៃទឹកដីខេត្តកោះកុង បានសាងសង់ជាង៩៦ភាគរយហើយ។

ផ្លូវជាតិនេះមានប្រវែងសរុប១៩៨,៥១គ.ម (PK000+000 – PK198+518) ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ (ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម៩៦,១៦% ហើយ។

វឌ្ឍនភាពការងារនេះរួមមាន៖ ការងារផ្លូវថ្នល់ ការងារស្ពាន ការងារស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រ សម្រេចបាន៩៣% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ) ការងារលូកាត់ទទឹងថ្នល់ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា បច្ចុប្បន្ននេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបាន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម មានសភាពហុយ ពិបាកក្នុងការមើលផ្លូវ ។ បច្ចុប្បន្នកំណាត់ផ្លូវលេខ១០ មានស្ថានភាព៖ ពីPK0 (សំឡូត)-PK60 (ក្រពើពីរ) កៅស៊ូDBST ពីPK 60-PK 85 ក្រួសក្រហម និងកំពុងចាក់ថ្មធ្វើស្រទាប់គ្រឹះ បាញ់កៅស៊ូ ពីPK 85-PK112 (អូរសោម) កៅស៊ូ DBST ពីPK 112 -PK 175 កំពុងបាញ់កៅស៊ូ DBST។ បើគិតពីPK 122 ដល់PK129 ប្រើប្រាស់ផ្លូវចាស់ ដែលជាផ្លូវក្រួសក្រហមវាងស្ពានខ្ពស់)និងពីចំណុចPK 175-PK 198 (កោះកុង) កៅស៊ូDBST។ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ (Grade III) ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល៦៦ខែ ដោយបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះហើយ៕

ដោយ ៖ ពេជ្រ សំអឿន (ប្រភព៖ រដ្ឋបាលខេត្តកោះកុង)




