ស្នងការនគរបាលខេត្តកំពង់ធំដាក់បទបញ្ជាដល់កងកម្លាំងជំនាញចរាចរណ៍ទាំងអស់ត្រូវរកឱ្យឃើញនូវបញ្ហាប្រឈមករណីគ្រោះថ្នាក់ចរាចរណ៍
AKP កំពង់ធំ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់កងកម្លាំងជំនាញចរាចរណ៍ទាំងអស់ត្រូវរកឱ្យឃើញបញ្ហាប្រឈមករណីគ្រោះថ្នាក់ចរាចរណ៍ ដើម្បីកាត់បន្ថយការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសដែលលោកស្នងការអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ធនធានសម្ភារ ថវិកាផ្ទាល់ខ្លួន ចូលរួមចំណែកក្នុងបេសកកម្ម ក្នុងឆ្នាំ២០២៤កន្លងមកនេះ សម្រេចបានស្នាដៃ លទ្ធផលល្អប្រសើរគួរជាទីមោទនៈជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ និងបានសង្កត់ធ្ងន់លើការងារមួយចំនួនរួមមាន៖ ១. ការងារព្រហ្មទណ្ឌ ប្រើប្រាស់វិធានការជំនាញ និងវិធានការរដ្ឋបាលសំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលអាចកើតមានឡើងតាមមូលដ្ឋានរបស់ខ្លួន ធានាថែរក្សាបានសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ២. ការងារប្រឆាំងបទល្មើសគ្រឿងញៀនជំរុញលើកទឹកចិត្ត ដល់កម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿងញៀន ដូចភ្លៀងរលឹម ដើម្បីបង្ការ ទប់ស្កាត់ កាត់បន្ថយបទល្មើសគ្រឿងញៀន ឱ្យមានការថយចុះ ជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ៣. ការងារចរាចរណ៍ផ្លូវគោកបង្កើនការផ្សព្វផ្សាយច្បាប់ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ តាមគោលដៅងាយរងគ្រោះ ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្តឱ្យមានលទ្ធផលល្អប្រសើរ ជាពិសេសការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពតាមវេទិកាសាធារណៈ។

ឧត្តមសេនីយ៍ទោស្នងការបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ ផែនការងារជំនាញ និងលោកអធិការនគរបាលទាំង០៩ ក្រុង-ស្រុក ត្រូវពង្រឹងរបៀបបបកិច្ចប្រជុំ គោរពអនុវត្តបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ។ ពង្រឹងរបៀបរបបការងារជំនាញ ត្រួតពិនិត្យ តួនាទី ភារកិច្ច និងបទបញ្ជាដែលថ្នាក់ដឹកនាំប្រគល់ជូន។ ត្រូវរៀបចំខ្លួន ក្នុងនាមជាកងកម្លាំង មានគ្រងឯកសណ្ឋានត្រូវ ក្នុងម៉ោងធ្វើការស័ក្តិសមជាមន្ត្រីនគរបាលជាតិ។ ត្រូវពិនិត្យមើលវត្តមាន និងម៉ោងធ្វើការរបស់កងកម្លាំងឱ្យបានត្រឹមត្រូវ។ ត្រូវចេះថែទាំសុខភាព និងអនាម័យឱ្យបានត្រឹមត្រូវ។ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការងារសង្គម សប្បុរសធម៌ជួយគ្នាទៅវិញទៅមកគ្រាជួបទុក្ខលំបាក។ ចូលរួមជ្រំជ្រែងកសាងអភិវឌ្ឍអង្គភាពរីកចម្រើនបន្ថែមទៀត និងថែរក្សាទ្រព្យសម្បត្តិរដ្ឋឱ្យបានគង់វង្សដើម្បីបន្សល់ជាកេរ្តិ៍ដំណែលដល់មន្ត្រីបន្តវេន៕


ដោយ ស៊ុម វណ្ណា (ប្រភព៖ ស្នងការនគរបាលខេត្តកំពង់ធំ)




