អង្គការ NatureLife រៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិរវាក់ ខេត្តមណ្ឌលគិរី
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥-- ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការដកហូត ប្រើប្រាស់ និងការអនុវត្តសកម្មភាពឱ្យកាន់តែល្អប្រសើរនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិរវាក់ អង្គការ NatureLife ចាត់ទុកការរៀបចំផែនការគ្រប់គ្រងជាក់លាក់គឺជាវិធីសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបាន។

មន្ត្រីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ថា ក្នុងដំណើការធ្វើផែនការគ្រប់គ្រងនេះ សហគមន៍ត្រូវតែធ្វើការបែងចែកតំបន់គ្រប់គ្រងឱ្យបានច្បាស់លាស់ ដូចជាតំបន់អភិរក្ស តំបន់ប្រើប្រាស់ប្រកបដោយចីរភាព តំបន់ដាំដុះជាដើម ដើម្បីធានាបាននូវភាពងាយស្រួលក្នុងការអនុវត្តសកម្មភាពការដកហូត និងគ្រប់គ្រងសហគមន៍ទាំងមូល។ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife បានសហការជាមួយមន្ត្រីនាយកដ្ឋានជីវភាពសហគមន៍នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានរបស់ក្រសួងបរិស្ថាន បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើផែនការគ្រប់គ្រង និងការធ្វើសារពើភណ្ឌព្រៃឈើ” ដល់សមាជិកគណៈកម្មការសហគមន៍ទាំង៩រូប ក្នុងនោះដែររួមមានស្ត្រី០២នាក់ អនុប្រធានការិយាល័យអភិវឌ្ឍសហគមន៍០១នាក់ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី០២នាក់ និងបុគ្គលិកអង្គការជីវិតធម្មជាតិនៅកម្ពុជា០២នាក់ ដែលសរុបមានចំនួន១៤រូប ដែលធ្វើបានឡើងនៅសាលាស្រុកកោះញែក។ ក្នុងដំណើការធ្វើផែនការគ្រប់គ្រងនេះ គណៈកម្មការសហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់បានពិភាក្សា និងសម្រេចយក៣០ឡូតិ៍គំរូ សម្រាប់ធ្វើសារពើភណ្ឌព្រៃឈើនៅក្នុងសហគមន៍រវាក់នេះ។

បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលគណៈកម្មការសហគមន៍រវាក់ទំាង០៩នាក់ និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បានយល់ដឹងអំពីការធ្វើផែនការគ្រប់គ្រង និងការធ្វើសារពើភណ្ឌព្រៃឈើ សហគមន៍តំបន់ ការបែងចែកតំបន់គ្រប់គ្រង និងប្រើប្រាស់អនុផលព្រៃឈើ ដឹងពីវិធីប៉ាន់ប្រមាណពីធនធានធម្មជាតិក្នុងតំបន់សហគមន៍ សារពើភណ្ឌព្រៃឈើ និងយល់ដឹងពីការសិក្សាប៉ាន់ប្រមាណពីតម្រូវការប្រើប្រាស់ចាំបាច់នៅក្នុងសហគមន៍។

តាមរយៈវគ្គបណ្តុះបណ្តាលកន្លងមក អ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃធ្វើការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ។ ក្នុងខែធ្នូ ឆ្នាំ២០២៤ គណៈកម្មការសហគមន៍រវាក់ទំាង០៩នាក់ និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បានចុះធ្វើសារពើភណ្ឌព្រៃឈើនៅក្នុងដីព្រៃសហគមន៍រវាក់ ដោយបានបញ្ចប់ចំនួន៣០ឡូតិ៍គំរូនៅក្នុងផ្ទៃដីសហគមន៍តំបន់ការពារធម្មជាតិរវាក់ពង្រៀងដោយក្រសួងបរិស្ថានសរុបចំនួន ១,២៩៣ ហិកតា៕

ដោយ ណយ នឿន (ប្រភព៖ NatureLife)




