អភិបាលខេត្តកំពង់ធំដាស់តឿនដល់សិស្សានុសិស្សឱ្យខិតខំរៀនដើម្បីអនាគតខ្លួនយើង គ្រួសារ និងសង្គមជាតិ
AKP កំពង់ធំ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដាស់តឿនដល់សិស្សានុសិស្សឱ្យខិតខំរៀនដើម្បីអនាគតខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ក្នុងឱកាសដែលឯកឧត្តម នួន ផារ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតពានរង្វាន់បាល់ទាត់អបអរសាទរខួបទី៤៦នៃទិវាជ័យជំនះ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) នៅស្រុកស្ទោង ខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថាការប្រកួតកីឡានេះគឺធ្វើឱ្យយុវជន សិស្សានុសិស្ស និងមហាជនយើងបង្កើនសាមគ្គីភាព និងមានទំនាក់ទំនងល្អរវាងសង្កាត់ និងសង្កាត់ ឃុំ និងឃុំ ដើម្បីពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡាក៏ជាការចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងសាលារៀន សហគមន៍ និងនៅទីសាធារណៈជាដើម។ អ្វីជាសំខាន់ជាងនេះទៅទៀតនោះ គឺភូមិឃុំមានសុវត្ថិភាពចង់ឱ្យប្អូនៗទាំងអស់ឆ្លើយថាទេចំពោះគ្រឿងញៀន។មិនមែនយើងលេងកីឡាតែមួយមុខប៉ុណ្ណោះទេ គឺយុវជនយើងដែលជាមូលដ្ឋានគ្រឹះនៃធនធានមនុស្សក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានខ្លួន។ ការប្រកួតពានរង្វាន់នេះនឹងបន្តធ្វើជារៀងរាល់ឆ្នាំទៅតាមរូបភាពនៃពានរង្វាន់ដោយមានការចូលរួមប្រកួតពីគ្រប់វិទ្យាល័យ អនុវិទ្យាល័យ ក្រុង ស្រុក និងមហាជន ឃុំ សង្កាត់ ក្នុងការជំរុញឱ្យវិស័យកីឡា មានការអភិវឌ្ឍ ព្រោះកីឡាធ្វើឱ្យរាងកាយ សុខភាពរឹងមាំ។

ទន្ទឹមនឹងនេះ ឯកឧត្តមបន្តទៀតថា ក្រុមកីឡាករទាំងអ្នកទទួលជ័យលាភី និងមិនទទួលបានជ័យលាភីត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ហើយការប្រកួតពេលនេះក៏ជាការដកស្រង់បទពិសោធន៍បច្ចេកទេសពីគ្នាទៅវិញទៅមក និងកុំមានមោទនភាពចំពោះជ័យជម្នះរបស់ខ្លួន គឺត្រូវបង្កើនការហ្វឹកហាត់បន្តទៀតដើមី្បរក្សាឱ្យបាននូវភាពជោគជ័យនៅពេលក្រោយៗទៀតហើយការរៀបចំការប្រកួតកីឡាបាល់ទាត់នេះ ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៦ទិវាជ័យជម្នះ ៧មករា ព្រោះថាយើងទាំងអស់គ្នាមានឱកាសជួបជុំគ្នាលេងកីឡាដែលមានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ដូចសព្វថ្ងៃនេះដែលកម្ពុជាបានកសាងប្រទេសតាំងពីបាតដៃទទេរហូតមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវដល់ប្រជាពលរដ្ឋពិសេសសិស្សានុសិស្សជាយុវជនជំនាន់ក្រោយសូមធ្វើការចងចាំជានិច្ច និងបន្តថែរក្សាថ្ងៃ៧មករាឱ្យស្ថិតនៅក្នុងក្រៅបេះដូងគ្រប់ៗគ្នា ក្រោមម្លប់នៃសន្តិភាពនៃគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការពារឱ្យបានគង់វង្សស្មារតី ៧មករា ដោយមិនឱ្យក្រុមប្រឆាំងណាមួយ យកថ្ងៃ៧មករា វាយរំលំមកលើរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជាបានឡើយ និងត្រូវចាត់ទុកថ្ងៃ ៧មករា ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង សប្បុរសជន គណៈកម្មការ អនុគណៈកម្មការ ប្រតិភូដឹកនាំក្រុមកីឡាករ មន្ត្រីបច្ចេកទេស និងក្មួយៗកីឡាករបាល់ទាត់ទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តមិនគិតពីការនឿយហត់ចូលរួមក្នុងការប្រគូតសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍វិស័យកីឡានៅក្នុងស្រុកស្ទោងកាន់តែមានភាពរីកចម្រើនបានមួយកម្រិតទៀត។
សូមបញ្ជាក់ថា កីឡាករដែលបានចូលរួមប្រកួតមានចំនួន១៤ក្រុម មានកីឡាករសរុបចំនួន៣៥៤នាក់ ជាលទ្ធផលលេខ១បានទៅលើក្រុមឆន្ទៈកីឡា លេខ២ក្រុមយុវជនរុងរឿង និងលេខ៣ ក្រុមយុវជនត្នោតគម៕
ដោយ ស៊ុម វណ្ណា





