សម្ដេចមហាមន្ត្រី គុយ សុផល អញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧មករា
AKP កំពង់ឆ្នាំង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥-- សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានមានប្រសាសន៍ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ សម្ដេចមហាមន្ត្រី គុយ សុផល បានថ្លែងសុន្ទរកថាទៅកាន់អង្គពិធី ដោយបានគូសបញ្ជាក់ថា ទិវាបុណ្យរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ ដែលបានធ្វើឡើងនាពេលនេះ សម្ដែងនូវការដឹងគុណទិវាជាប្រវត្តិសាស្ត្រ ជាថ្ងៃកំណើតទី២ និងបានធ្វើឱ្យគ្រួសារខ្មែរ និងប្រទេសជាតិទាំងមូល មានជីវិតរស់រានឡើងវិញ ចេញពីការកាប់សម្លាប់ និងភាពងងឹតសូន្យសុង នៃរបបវាលពិឃាតរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានចាប់ផ្តើមអភិវឌ្ឍប្រទេសពីចំណុចក្រោមសូន្យ ឱ្យទទួលបានការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាព និងវឌ្ឍនភាពសង្គម។

ទន្ទឹមនឹងនេះ សម្ដេចមហាមន្ត្រីបានបន្តថា ថ្ងៃជ័យជំម្នះ ៧មករា បានបើកទំព័រសករាជថ្មីនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមជាតិ បញ្ចប់សង្រ្គាមរាំរ៉ៃរាប់សិបឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបាននាំប្រទេសឱ្យមានសន្តិភាព និងអភិវឌ្ឍគ្រប់ស័យ ទាំងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ និងហេដ្ឋា រចនាសម្ព័ន្ធវត្តអារាម និងសមិទ្ធិផលផ្សេងៗទៀតជាច្រើន ជាពិសេសបានកំណត់ទស្សនវិស័យច្បាស់លាស់ សម្រាប់ការដឹកនាំប្រទេស ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ រយៈពេល៤៦ឆ្នាំ កន្លងមកនេះប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស នៅតែចងចាំមិនភ្លេចនូវគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជន យុទ្ធមិត្តដទៃទៀត ដែលបានបូជាសាច់ស្រស់ ឈាមស្រស់រំដោះប្រទេសជាតិចេញពីរបបឃោរឃៅ រួចផុតពីការកាប់សម្លាប់ ហើយបានធ្វើឱ្យប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ មានជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយដូចសព្វថ្ងៃ។

ជាមួយគ្នានេះដែរ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា វីរភាពដ៏អង់អាចក្លាហាននៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជនាចក្រកម្ពុជា គឺជាគំរូដ៏ល្អដល់កូនខ្មែរជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និងអភិវឌ្ឍជាតិឱ្យកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត។ ដើម្បីតបស្នងដឹងគុណដល់ជនវីរកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធនៃកងយោធពលខេមរភូមិន្ទនៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ដែលបានការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សា រាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សស្ថិតស្ថេរ រួមចំណែកកសាង អភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនលើគ្រប់វិស័យ៕

ដោយ បៃ ស៊ីថុន





