រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៨របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
AKP កំពង់ធំ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៨របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្ត។

កិច្ចប្រជុំមានររៀបវារៈសំខាន់ៗចំនួន០៦រួមមាន៖ ១. ពិនិត្យ និងអនុម័ត លើប្លង់គោលប្រើប្រាស់ដីក្រុងស្ទឹងសែន។ ២. ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្ត។ ៣. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។ ៤. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។ ៥. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ២០២៥ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ធំ និង៦. បញ្ហាផ្សេងៗ។

ក្នុងកិច្ចប្រជុំ ឯកឧត្តម នួន ផារ័ត្ន បានរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងវឌ្ឍនភាពនៃវិស័យពាក់ព័ន្ធនានាក្នុងខេត្ត និងយន្តការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋទៅតាមយន្តការជាច្រើនលើប្លង់គោលប្រើប្រាស់ដីក្រុងស្ទឹងសែនផងដែរ។

ឯកឧត្តម ដៀប ពីរី បានបញ្ជាក់ថា ដីកា បទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤គឺមានសារៈសំខាន់បំផុត ដូច្នេះសូមឯកឧត្តម លោកជំទាវ ពិនិត្យលើខ្លឹមសារបទបញ្ជាផ្ទៃក្នុង ប្រសិនបើមានកែសម្រួលចំណុចណាមួយ សូមធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ដើម្បីរាយការណ៍ទៅក្រសួងមហាផ្ទៃ។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងការអភិវឌ្ឍសមិទ្ធផលនានារបស់ខេត្ត ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមទទួលបានប្រសិទ្ធភាព និងទទួលបានជោគជ័យ៕
ដោយ ស៊ុម វណ្ណា





