លោកឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក
AKP កំពង់ធំ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ -- លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែមកតា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណៈអភិបាលស្រុកសន្ទុក មេបញ្ជាការរងខេត្ត ប្រធានមន្ទីរ មេបញ្ជាការក្រុង-ស្រុក ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនិងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការការិយាល័យជុំវិញស្រុកសរុបចំនួន៧៣នាក់។

ក្នុងឱកាសនោះលោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានថ្លែងនូវក្តីសោមនស្សរីករាយស្វាគមន៍ការប្រកាសមុខតំណែងលោកអនុសេនីយ៍ឯក នេត ចាន់សុភាព ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុកថ្មីនៅពេលនេះ និងបានកោតសរសើរដល់លោកវរសេនីយ៍ទោ ស្រី សំណាង ដែលបានដឹកនាំការងារបានល្អរយៈពេលជាង២៣ឆ្នាំកន្លងមកនេះជូនប្រទេសជាតិ ក្នុងកិច្ចការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបានផ្ដាំផ្ញើដល់មេបញ្ជាការកងរាជអាវុធហត្ថស្រុកថ្មីត្រូវយកចិត្តទុកដាក់ក្នុងការពារប្រទេសជាតិ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្តស្នាដៃល្អៗពីលោកមេបញ្ជាការចាស់ដែលបានចូលនិវត្តន៍កាលពីពេលកន្លងទៅថ្មីៗនេះ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានផ្តល់អនុសាសន៍ណែនាំដល់លោកអនុសេនីយ៍ឯក នេត ចាន់សុភាព មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុកថ្មី ត្រូវប្រកាន់ខ្ជាប់នូវវិន័យសេចក្តីថ្នូររបស់កងរាជអាវុធហត្ថអនុវត្តន៍ការងារឱ្យត្រូវតាមតួនាទីភារកិច្ច គោរពតាមឋានុក្រមឱ្យបានត្រឹត្រូវ តាមការកំណត់របស់ថ្នាក់លើប្រគល់ជូន ជាពិសេសគោរពក្រមសីលធម៌វិជ្ជាជីវ:កងរាជអាវុធហត្ថឱ្យបានត្រឹមត្រូវ។ មានសាមគ្គីភាពផ្ទៃក្នុង ចេះគោរពផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក កុំឱ្យមានការឈ្លោះទាស់ទែងគ្នាចេះមានសិល្បៈចែករំលែក អប់រំកែលម្អគ្នា និងរៀនសូត្រនូវបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក។

លោកឧត្តមសេនីយ៍ត្រីបានសង្កត់ធ្ងន់ថាការងារគ្រប់គ្រងដឹកនាំត្រូវយកបេះដូងមកធ្វើដោយផ្អែកតាមគោលការ៧ចំណុចរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរ:ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺ៖ ទី១. ការហូបចុកឱ្យបានគ្រប់គ្រាន់។ ទី២. បើកចែកស្របតាមគោលរបប និងបំពេញបន្ថែមពីលើគោលរបប។ ទី៣. ការស្នាក់នៅ មានកន្លែងស្នាក់នៅសមរម្យមានអនាម័យរៀបចំឱ្យមានការប្រចាំការ២៤/២៤ម៉ោង។ ទី៤. ថែទាំសុខភាព ព្យាបាលជំងឺ ធ្វើលំហាត់ប្រាណកីឡា និងកុំហូបស្រាច្រើនពេក។ ទី៥. ធ្វើការអប់រំរៀនសូត្រ ដុសខាត់ចំណេះដឹងរៀនពីបច្ចេកវិទ្យាឌីជីថលថ្មីៗ។ ទី៦. មធ្យោបាយធ្វើដំណើរ ថែទាំជួសជុលឱ្យបានល្អ និងទី៧. មានការកម្សាន្តសប្បាយក្រោយបញ្ចប់ភារកិច្ច និងចូលរួមដោះស្រាយទុក្ខលំបាក។

លោកឧត្តមសេនីយ៍ត្រីបានបន្តថាកងរាជអាវុធហត្ថជាមន្ត្រីនគរបាលយុត្តិធម៌ គឺជាទាហានច្បាប់ ធ្វើជាទាហានច្បាប់ ត្រូវតែគោរពច្បាប់ អនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី ទៅណាមកណាត្រូវសុំការអនុញ្ញាតច្បាប់ឱ្យបានត្រឹមត្រូវតាមបែបបទរដ្ឋបាលដើម្បីតម្រង់ទិសក្នុងការដឹកនាំ។ ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការ បានដាក់ចេញនូវទិសស្លោកជាបន្តបន្ទាប់ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវនិងប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។ ត្រូវយកចិត្តទុកដាក់ថែទាំមធ្យោបាយសម្ភារគ្រឿងបំពាក់អាវុធគ្រាប់រំសេវឱ្យបានត្រឹមត្រូវ ការពារវត្ថុឆាបឆេះរៀបចំឱ្យមានប្រព័ន្ធសុវត្ថិភាព ចាត់កម្លាំងយាមកាមឱ្យបានហ្មត់ចត់។ ជួសជុលលាបពណ៌អគារ កន្លែងធ្វើការឱ្យបានស្អាត មានសោភ័ណភាព មានអនាម័យបើមានលទ្ធភាពត្រូវសាងសង់អគារថ្មីបន្ថែម។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានបញ្ជាក់ជូនថា ការផ្លាស់ប្តូរលោកវរសេនីយ៍ទោ ស្រី សំណាង ជាមេបញ្ជាការចាស់ចេញនៅពេលនេះ មិនមែនមានន័យថាលោកមេបញ្ជាការចាស់មានកំហុសអីនោះទេ គឺលោកដល់អាយុចូលនិវត្តន៍ និងបានខិតខំបំពេញការងារមានស្នាដៃល្អជាច្រើននារយៈពេលជាង២៣ឆ្នាំកន្លងមកនេះ និងបានថ្លែងអំណរគុណចំពោះលោកដែលបានធ្វើការបម្រើប្រទេសជាតិ និងប្រជាជនបានល្អ ដូចពាក្យមួយឃ្លាថា ពេលនៅឱ្យប្រជាជនស្រឡាញ់ ពេលចេញឱ្យប្រជាជននឹករលឹក។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ត្រីបានបង្ហាញក្ដីសង្ឃឹមថា លោកមេបញ្ជាការមូលដ្ឋានស្រុកសន្ទុកថ្មី នឹងខិតខំបង្កើតស្នាដៃថ្មីៗបន្ថែមទៀតជូនកងរាជអាវុធហត្ថ ចូលរួមយ៉ាងសកម្មក្នុងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាជន និងប្រទេសជាតិយើង៕
ដោយ ស៊ុម វណ្ណា





