ខេត្តកែបប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ១៩៧៩ - ៧ មករា ២០២៥
AKP កែប ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកែបបានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ១៩៧៩ - ៧ មករា ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ព្រមទាំងមានការអញ្ជើញចូលរួមនិមន្តពីព្រះសង្ឃមន្ត្រីថ្នាក់ខេត្ត ឯកឧត្តម/លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក/លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកែបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអានសុន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ដែលមានខ្លឹមសារយ៉ាងជ្រាលជ្រៅថា "ថ្ងៃនេះជាថ្ងៃដ៏ឱឡារិករបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវាជ័យជម្នះ ជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ១៩៧៩ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យប្រជាជនកម្ពុជាបានរស់ឡើងវិញ ហើយបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនរហូតសព្វថ្ងៃនេះ។

ទោះបីពេលវេលាបានកន្លងផុតទៅរាប់សិបឆ្នាំហើយក៏ដោយ យើងទាំងអស់គា្នក៍នៅតែចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងបានជួបប្រទះពី ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៨។ គួររំឭកថារដ្ឋប្រហារ ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ តាមខ្សែញាក់របស់បរទេស បានបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិត្រូវធ្លាក់ក្នុងភ្លើងសង្គ្រាមយ៉ាងសន្ធោសន្ធៅបំផុត ដែលបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច សង្គម ឱ្យវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់ប្រជាជនកម្ពុជាអស់ ៣លាននាក់យ៉ាងព្រៃផ្សៃបំផុត។


បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រួចមក ដើម្បីសម្រេចទាំងស្រុងនូវដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក។ ជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ និងការបែងចែកទឹកដី ដែលកម្ពុជាបានឆ្លងកាត់អស់រយៈកាលជាង ៥០០ឆ្នាំ ក៏ត្រូវបានបញ្ចប់។ជាក់ស្ដែងក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ដវេនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជាបច្ចុប្បន្ន បានរក្សាសន្ដិភាព និងខិតខំអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ដោយថ្មីៗនេះខេត្តកែប ក៏បានដាក់អោយសម្ភោធជាផ្លូវការនូវ វិថីតេជោសន្ដិភាពឆ្នេរអង្គោល ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្ដេចមហាបរវរធិបតី ហ៊ុន ម៉ាណែត និងសមិទ្ធផលនានាជាច្រើន។

សូមរំលឹកថា ក្នុងរយៈពេល៤៦ឆ្នាំចុងក្រោយនេះ កម្ពុជា បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ហើយកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល៕
ដោយ ប្រាក់ លាង





