រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរណ៍បណ្តោះអាសន្ន ដើម្បីប្រារព្ធព្រឹត្តិការណ៍ទិវារត់ប្រណាំងអបអរសាទរ ទិវាមហារីកសុដន់ស្ត្រី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦-- យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអបអរសាទរ "ទិវាមហារីកសុដន់ស្ត្រី" នៅសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៥៖០០នាទី។

ដើម្បីឱ្យព្រឹត្តិការណ៍ទិវារត់ប្រណាំងខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នដែលធ្វើដំណើរតាមតម្រាយផ្លូវរត់ប្រណាំងចាប់ពីសួនច្បារមុខវត្តបទុមវតី តាមមហាវិថីសម្តេចសុធារស បត់ឆ្វេងតាមផ្លូវលេខ២៤០ បត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅរង្វង់មូលវត្តភ្នំ បន្តតាមផ្លូវលេខ៤៧ ឆ្ពោះទៅរង្វង់មូលគួចកាណុង បត់ស្តាំតាមផ្លូវជាតិលេខ៥ បត់ស្តាំតាមតិរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត បន្តមកវិថីរដ្ឋសភា រួចបត់ស្តាំតាមស្ថានទូតរុស្ស៊ី បត់ស្តាំមកមហាវិថីសម្តេច សុធារស រហូតដល់ទីផ្តាច់ព្រ័ត្រ នៅសួនច្បារមុខវត្តបទុមវតីវិញ។
ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវរត់ប្រណាំងខាងលើសូមយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរដោយអនុគ្រោះ ចាប់ពីវេលាម៉ោង០៥៖០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ក្រោយបញ្ចប់ព្រឹត្តិការណ៍ទិវារត់ប្រណាំងខាងលើ អាជ្ញាធរមានសមត្ថកិច្ច នឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌចំការមន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូ លាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ សួស សំរិត





