ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥-- ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការសំណេរនៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ គឺមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសរុបចំនួន៦២០នាក់ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់២៤៨នាក់ ស្រី១៣៦នាក់ និងថ្នាក់បរិញ្ញាបត្រ៣៧២នាក់ ស្រី២៣៨នាក់)។ ចំពោះវិញ្ញាសាប្រឡងមានវិញ្ញាសាភាសាអង់គ្លេស និងវប្បធម៌ទូទៅសម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងវិញ្ញាសាគណិតវិទ្យា និងវប្បធម៌ទូទៅសម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រ។

សម្រាប់ការប្រឡងនេះ ក្រសួងអប់រំ យុវជន និងកីឡាបានអះអាងថា គណៈកម្មការទទួលខុសត្រូវរួម គណៈកម្មការអប្បមាទ គណៈមេប្រយោគមណ្ឌលសំណេរ គណៈកម្មការកណ្តាលសំណេរ គណៈកម្មការអនុរក្ស ក្រុមសុវត្ថិភាពមណ្ឌលសំណេរ និងគណៈកម្មការពាក់ព័ន្ធផ្សេងទៀត គឺបានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់។ នៅក្នុងមណ្ឌលប្រឡងមានដំណើរការប្រព្រឹត្តទៅរលូនប្រកបដោយភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ។

ផ្អែកលើលទ្ធផលប្រឡង ក្រសួងអប់រំ យុវជន និងកីឡា នឹងបញ្ជូនឈ្មោះបេក្ខជនដែលបានប្រឡងជាប់ក្នុងដំណើរការសំណេរនេះសរុបចំនួន៦៥នាក់ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៣០នាក់ និងថ្នាក់បរិញ្ញាបត្រ ៣៥នាក់) ទៅស្ថានទូតសាធារណរដ្ឋប្រជាមាចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តនីតិវិធី និងសម្រេចចុងក្រោយ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





