ការវាយប្រហារតាមអាកាសដែលដឹកនាំដោយសហរដ្ឋអាមេរិក សំដៅលើទីតាំងយោធាក្រុមហ៊ូធី នៅក្នុងប្រទេសយេម៉ែន
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ -- ទូរទស្សន៍ Houthi-run al-Masirah បានរាយការណ៍ថា ការវាយប្រហារតាមអាកាសជាបន្តបន្ទាប់បានវាយប្រហាររដ្ឋធានីសាណា របស់ប្រទេសយេម៉ែន ដោយផ្តោតលើទីតាំងយោធាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូធី។
ទូរទស្សន៍ al-Masirah បាននិយាយថា ការវាយប្រហារតាមអាកាសចំនួន ២លើកបានវាយប្រហារអគារក្រសួងការពារជាតិ និងតំបន់ផ្សេងទៀតនៅក្នុងទីក្រុងសាណា ខណៈការវាយប្រហារបន្ទាប់បានវាយប្រហារកងពលធំទី១ និងរោងចក្រផលិតគ្រាប់រំសេវមួយនៅចំកណ្តាលទីក្រុង។
រថយន្តសង្គ្រោះត្រូវបានគេមើលឃើញថាបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ខណៈដែលកងកម្លាំងក្រុមហ៊ូធី បានព័ទ្ធជុំវិញទីតាំងគោលដៅ។ អ្នកស្រុកបានរាយការណ៍ថា ការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាបានអង្រួនទីក្រុងទាំងមូល ដោយផ្ទះមួយចំនួននៅជិតទីតាំងគោលដៅត្រូវបានខូចខាតផ្នែកខ្លះ។
យុទ្ធជនក្រុមហ៊ូធីរាប់សិបនាក់ត្រូវបានគេជឿថា មានវត្តមាននៅកន្លែងទាំងនេះ នៅពេលដែលការវាយប្រហារបានកើតឡើង ប៉ុន្តែក្រុមហ៊ូធីកម្របង្ហាញការស្លាប់ ឬការបាត់បង់របស់ខ្លួន។
ការវាយប្រហារតាមអាកាសបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីក្រុមហ៊ូធីបានអះអាងទទួលខុសត្រូវនៅពេលព្រឹកចំពោះការវាយប្រហារដោយមីស៊ីលពេញមួយយប់សំដៅទៅលើអាកាសយានដ្ឋាន Ben Gurion ក្នុងទីក្រុងតេល អាវីវ របស់អ៊ីស្រាអែល និងស្ថានីយ៍ថាមពលមួយនៅភាគខាងត្បូងទីក្រុងហ្សេរុយសាឡឹម ក៏ដូចជាការវាយប្រហារដោយរ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកនៅលើនាវាផ្ទុកយន្តហោះ USS Harry Truman ។
បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដ៏ឃោរឃៅ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានចេញសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារយ៉ាងជាក់លាក់ជាច្រើនដោយប្រឆាំងនឹងគោលដៅរបស់ក្រុមហ៊ូធី ក្នុងទីក្រុងសាណា និងតំបន់ឆ្នេរដែលគ្រប់គ្រងដោយក្រុមហ៊ូធី របស់ប្រទេសយេម៉ែន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





