មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការងារជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលបន្ទុករួម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងជំរុញការអនុវត្តការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋ ស្របតាមផែនការ និងសន្ទស្សន៍ របស់ក្រសួងមហាផ្ទៃ។ លើសពីនេះ ក្រុមការងារនឹងធ្វើការតាមដាន និងរាយការណ៍អំពីវឌ្ឍនភាពជាប្រចាំ ដោយបង្ហាញពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងបង្កើនការផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីទីតាំងផ្តល់សេវា ឯកសារតម្រូវ និងនីតិវិធីពាក់ព័ន្ធ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាអត្តសញ្ញាណកម្មដោយងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព។ ជារួមកិច្ចការនេះ ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

ឯកឧត្តម សុខ លូ បានលើកឡើងអំពីទិសដៅការងារដោយបន្តខិតខំជំរុញការផ្ដល់ឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ជំរុញការផ្ដល់សេវារដ្ឋបាល និងអត្រានុកូលដ្ឋាននៅគ្រប់ថ្នាក់រដ្ឋបាលឱ្យបានលឿន រហ័ស តម្លាភាព គណនេយ្យភាព និងបរិយាបន្ន។ ការបន្តផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋកំណើនគ្រប់អាយុសេសសល់ និងអស់សុពលភាពគំរូថ្មីតាមផែនការដែលត្រូវផ្ដល់ក្នុងឆ្នាំ២០២៦ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណមានសុពលភាពសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារផ្សេងៗ ជាពិសេសសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាវ ហមផាន បានណែនាំដល់ក្រុមការងារក្រុង ស្រុក ដែលជាសេនាធិការរបស់ថ្នាក់ខេត្តបង្កើនការយកចិត្តទុកដាក់ ជាពិសេសលើការធ្វើផែនការឱ្យបានច្បាស់លាស់លើការជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងយកចិត្តទុកដាក់លើការផ្ដល់សេវាចល័ត និងការចុះបញ្ជី។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងនាយក នាយករងរដ្ឋបាល អភិបាល អភិបាលរងក្រុង ស្រុក អធិការ អធិការរង មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀន មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត៕ដោយ ណយ នឿន
(ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





