ប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងចំនួន ១៨គ្រួសារទទួលអំណោយពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦-- លោក ចេង ម៉ីន នាយក រងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុនៅថ្ងៃអង្គារទី២០ ខែតុលា ឆ្នាំ២០២៦នេះបានដឹកនាំមន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តសាខានាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងចំនួន ១៨គ្រួសារ ក្នុងស្រុកចំនួន២ ក្នុងនោះមាន ស្រុកស្ទឹងហាវ ចំនួន ៩គ្រួសារ និងស្រុកព្រៃនប់ ៩គ្រួសារ ។

លោក ចេង ម៉ីន នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋពីឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឱ្យមន្ត្រីសាខា អនុសាខាត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានជីវភាពខ្វះខាត ជាពិសេសក្នុងរដូវវស្សានេះ ដោយសារតែតំបន់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យពួកគាត់មិនបានចេញទៅបំពេញការងារខាងក្រៅបាន។

ជាមួយគ្នានោះដែរ លោកនាយករងសាខាកាកបាទក្រហមខេត្ត ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាពកូនចៅ ត្រូវផឹកទឹកស្អាត ដេកក្នុងមុង ដើម្បីចៀសផុតពីមូសខ្លាខាំបណ្តាលឱ្យកើតជំងឺគ្រុនឈាម គ្រុនឈីក។

សម្ភារៈដែលបានផ្ដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងទាំង១៨គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី១កេស ទឹកត្រី ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល។ ដោយឡែកគ្រួសារដែលមានពិការភាពចំនួនប្រាំមួយនាក់ ទទួលបាន អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល៕
ដោយ ងូ សុមុនី





