អ្នកនាំពាក្យវិមានក្រឹមឡាំង៖ នាយករដ្ឋមន្ត្រីឥណ្ឌាទំនងជានឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនៅឆ្នាំក្រោយ
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ -- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានតាសស៍របស់រុស្ស៊ីថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី ទំនងជានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅឆ្នាំក្រោយ។
នៅពេលដែលត្រូវបានសួរថា តើលោក ម៉ូឌី នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីមុនដំណាច់ឆ្នាំ២០២៦ ដែរឬទេ? លោកបាននិយាយថា«ទំនងជានៅឆ្នាំក្រោយ»។
យោងតាមសេចក្តីថ្លែងការណ៍ឆ្នាំ២០០០ ស្តីពីភាពជាដៃគូយុទ្ធសាស្ត្របានឱ្យដឹងថា មេដឹកនាំនៃប្រទេសរុស្ស៊ី និងឥណ្ឌា តែងជួបគ្នាជារៀងរាល់ឆ្នាំដោយផ្លាស់ប្តូរវេនគ្នា។ សម្រាប់ពេលនេះ គឺដល់វេនរបស់លោក ម៉ូឌី ក្នុងការទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





