ជើងហោះហើរថ្មីមួយត្រូវបានបើកដំណើរការរវាងប្រទេសចិន និងប្រទេសអេត្យូពី
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ -- ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានចុះចតនៅប្រទេសអេត្យូពីកាលពីយប់ថ្ងៃចន្ទ ដែលជាការសម្ពោធជើងហោះហើរដំបូងប្រកបដោយជោគជ័យសម្រាប់ផ្លូវអាកាសថ្មីមួយ និងជាផ្លូវតែមួយគត់ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ចិន រវាងប្រទេសចិន និងប្រទេសអេត្យូពី។
នៅពេលមកដល់ ជើងហោះហើរដែលដឹកអ្នកដំណើរជាង ២០០នាក់នេះត្រូវបានស្វាគមន៍ដោយពិធីបាញ់ទឹកស្វាគមន៍តាមបែបប្រពៃណី។
លោក ជូ ប៊ីងហុង (Zhu Binghong) ដែលជាប្រធានក្រុមទេសចរណ៍មួយរូប បាននិយាយថា៖ «យើងជាក្រុមទេសចរណ៍មកពីទីក្រុងក្វាងចូវដែលមានគ្នា ២០នាក់។ យើងបានធ្វើដំណើរតាមជើងហោះហើរដំបូងរបស់ក្រុមហ៊ុន China Southern Airlines មកកាន់ទីក្រុងអាឌីសអាបាបា។ យើងពិតជារំភើបចិត្តខ្លាំងណាស់ ហើយវាក៏ជាបទពិសោធន៍ដ៏គួរឱ្យចងចាំផងដែរ»។
យោងតាមលោក ជូ ក្រុមទេសចរណ៍នេះនឹងស្នាក់នៅក្នុងប្រទេសអេត្យូពីរយៈពេល ៩ថ្ងៃ ដើម្បីទស្សនាកម្សាន្តនៅរដ្ឋធានី និងស្វែងយល់ពីជីវភាពរស់នៅរបស់ជនជាតិភាគតិចនានានៅភាគខាងត្បូងប្រទេសអេត្យូពី។
ជើងហោះហើរដឹកអ្នកដំណើរនេះដំណើរការ ២ដងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃចន្ទ និងថ្ងៃសុក្រ ដោយតភ្ជាប់ទីក្រុងក្វាងចូវនៅភាគខាងត្បូងប្រទេសចិន ទៅកាន់ទីក្រុងអាឌីសអាបាបា ដែលជារដ្ឋធានីរបស់ប្រទេសអេត្យូពី ដោយឆ្លងកាត់ទីក្រុងឆាងសា នៅភាគកណ្តាលប្រទេសចិន។
ស្របពេលដែលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរធនធានមនុស្សរវាងប្រទេសចិន និងទ្វីបអាហ្វ្រិកបន្តកើនឡើង ក្រុមហ៊ុន China Southern Airlines បានបញ្ជាក់ថា ខ្លួននឹងបន្តស្វែងរកផ្លូវហោះហើរឆ្លងទ្វីប និងពង្រីកបណ្តាញតភ្ជាប់ផ្លូវអាកាសរវាងប្រទេសចិន និងទ្វីបអាហ្វ្រិក ដើម្បីជំរុញការតភ្ជាប់គ្នារវាងភាគីទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





