ចិនផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រដល់ប្រទេសហ្ស៊កដានី ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ -- កាលពីថ្ងៃចន្ទ សម្ភារៈវេជ្ជសាស្ត្រដែលជាជំនួយរបស់ប្រទេសចិន ត្រូវបានប្រគល់ជូនស្ថាប័នសេវាវេជ្ជសាស្ត្ររាជវង្សហ្ស៊កដានី (Jordan's Royal Medical Services) ដើម្បីព្យាបាលជនជាតិប៉ាឡេស្ទីនដែលឈឺ និងរងរបួស ដែលបានភៀសខ្លួនចេញពីតំបន់ហ្គាហ្សាមកកាន់ប្រទេសហ្ស៊កដានី។
យោងតាមប្រភពព័ត៌មានរបស់ហ្ស៊កដានី បានឱ្យដឹងថា សម្ភារៈទាំងនោះរួមមានឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ហើយនឹងត្រូវចែកចាយទៅកាន់មន្ទីរពេទ្យ និងស្ថាប័នវេជ្ជសាស្ត្រជាច្រើននៅទូទាំងប្រទេសហ្ស៊កដានី។
ថ្លែងនៅក្នុងពិធីប្រគល់ជំនួយនេះ លោក កុង អានមីន (Gong Anmin) ដែលជាប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំនៅប្រទេសហ្ស៊កដានី បានលើកឡើងពីតួនាទីមនុស្សធម៌ដ៏យូរអង្វែងរបស់ហ្ស៊កដានីក្នុងការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន រួមទាំងតាមរយៈមន្ទីរពេទ្យវាល (field hospitals) របស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាផងដែរ។
លោកបានមានប្រសាសន៍ថា ជំនួយនេះគឺជាការបន្តពីជំនួយដែលប្រទេសចិនធ្លាប់បានផ្តល់ជូនតំបន់នេះកាលពីពេលកន្លងទៅ រួមទាំងកញ្ចប់ស្បៀងអាហារចំនួន ៦០.០០០កញ្ចប់ដែលបានផ្តល់ជូនកាលពីឆ្នាំមុន។
លោក កុង បានបញ្ជាក់ថា ប្រទេសចិននៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ ការពារជនស៊ីវិល និងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយវិបត្តិ ខណៈពេលដែលស្វែងរកដំណោះស្រាយដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែងចំពោះបញ្ហាប៉ាឡេស្ទីន។
លោក ហាតេម អាល់ អាប់បាឌី (Hatem Al-Abbadi) អនុប្រធាននាយកនៃស្ថាប័នសេវាវេជ្ជសាស្ត្ររាជវង្សហ្ស៊កដានី បានថ្លែងអំណរគុណដល់ប្រទេសចិនសម្រាប់ការគាំទ្រនេះ ដោយលោកបានលើកឡើងថា ជំនួយនេះនឹងជួយសម្រាលទុក្ខលំបាករបស់ប្រជាជននៅតំបន់ហ្គាហ្សា និងឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសហ្ស៊កដានី និងចិន។
លោកក៏បានសម្តែងក្តីសង្ឃឹមផងដែរចំពោះកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរលើវិស័យវេជ្ជសាស្ត្រ និងមនុស្សធម៌៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





