រដ្ឋបាលខេត្តកំពង់ធំចុះសួរសុខទុក្ខនាំយកអំណោយគ្រឿងឧបភោគបរិភោគនិងថវិកាជូនវីរកងទ័ពនៅសមរភូមិមុខទិសខេត្តព្រះវិហារ
AKP កំពង់ធំ ថ្ងៃទី៩ ខែតុលាឆ្នាំ២០២៦--ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដល់វីរៈកងទ័ពដែលកំពុងឈរជើងការពារបូរ ណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជួរមុខនាព្រឹកថ្ងៃទី៩ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧ ត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អមដំណើរដោយប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង/ស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរសភាពទឹកដីនៅសមរភូមិទិសមុខខេត្តព្រះវិហារ។

ក្នុងឱកាសនោះឯកឧត្តម នួន ផារ័ត្ន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូននាយទាហាន នាយ ទាហានរងនិងពលទាហានទាំងអស់ថា សម្តេចធិបតី តែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងលះបង់កម្លាំងកាយចិត្តនិងពេលវេលា ដើម្បីបំពេញភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីនិងរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជា ពលរដ្ឋនៅតាមតំបន់ព្រំដែន។

ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងគំរូវីរភាពដ៏ស្មោះត្រង់របស់កងកម្លាំងទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តពង្រឹងស្មារតីសាមគ្គីភាព ប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យកាន់តែមាន ប្រសិទ្ធភាពបន្ថែមទៀត។

លោកវរសេនីយ៍ឯក សោម សុភាវុធ តំណាងនាយទាហាននិងពលទាហានទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋបាលខេត្តកំពង់ ធំ ដឹកនាំដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលចុះជួបសំណេះសំណាលដោយផ្ទាល់ពីសុខទុក្ខរបស់កងកម្លាំងជួរមុខ និងបាននាំយកនូវសម្ភារៈ គ្រឿងឧបភោគបរិភោគនិងថវិកា ផ្តល់ជូនដល់កម្លាំងនាពេលនេះនិងបានគោរពជូនពរដល់ថ្នាក់ដឹកនាំខេត្ត រួមទាំងមន្រ្តីរាជការនិងប្រជាពលរដ្ឋ សូមមានសុខសុវត្ថិភាពគ្រប់ពេលវេលានិងទទួលបានជោគជ័យគ្រប់ភារកិច្ចនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តកំពង់ធំបានប្រគល់អំណោយលើកទឹកចិត្តជាស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខ រួមជាមួយថវិកាមួយចំនួនដែលទទួលបានការចូលរួម ឧបត្ថម្ភពីថ្នាក់ដឹ កនាំខេត្ត មន្រ្តីរាជការ និងសប្បុរសជននានា ក្នុងខេត្តកំពង់ធំ ផ្តល់ជូនដល់វីរកងទ័ពនៅសមរភូមិមុខទិសព្រះវិហារនាឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ៕
ដោយ៖ ស៊ុម វណ្ណា





