លោកជំទាវ ឃួន ឃុនឌី ជំរុញឱ្យសមាជិកសមាជិកាគណបក្សសហការគ្នា និងចុះជួបសមាជិកបក្សដល់មូល ដ្ឋាន
AKP កំពង់ធំ ថ្ងៃទី៩ ខែតុលាឆ្នាំ២០២៦--លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ ស្វាយបានជំរុញដល់សមាជិកសមាជិកាគណបក្សទាំងអស់ត្រូវសហការណ៍គ្នាឱ្យបានល្អនិងបន្តចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីបង្កើនភាពជឿជាក់និងស្និទ្ធស្នាល ព្រមទាំងផ្តល់ទំនុកចិត្តខ្ពស់និងភាពរឹងមាំរបស់សមាជិកសមាជិកាគណបក្ស។

លោកជំទាវ ឃួន ឃុនឌី បានជំរុញដូច្នេះក្នុងកិច្ចប្រជុំជាមួយសមាជិក សមាជិកាគណបក្សឃុំក្តីដូង ស្រុកកំពង់ស្វាយខេត្តកំពង់ធំនៅទីស្នាក់ការគណបក្សឃុំនាព្រឹកថ្ងៃទី៩ខែតុលាឆ្នាំ ២០២៦ ដោយ មានការអញ្ជើញចូលរួមពីលោកជំទាវ យស ថានារីលោក លោកស្រី ជាសមាជិកសមាជិកាឃុំក្តីដូង ជាច្រើនរូប។

លោកជំទាបានមានប្រសាសន៍សង្កត់ ធ្ងន់ថាយើងត្រូវតែគិតគូរឱ្យបានខ្លាំងបំផុតចំពោះបញ្ហាកើតឡើងក្នុងមូលដ្ឋានទោះបីជាបញ្ហានោះតិចតួចក្តីដែលបង្កផលប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនដែលទាមទារដល់ថ្នាក់ពង្រឹងមូលដ្ឋានត្រូវតែយកចិត្តទុកដាក់ដើម្បីជៀសវាងបក្សប្រឆាំងយកមកវ៉ៃប្រហារបង្កផលប៉ះពាល់ដល់ថ្នាក់ដឹកនាំក៏ដូចជាគណបក្សប្រជាជនរបស់យើង។

លោកជំទាវបន្តថាយើងត្រូវតែក្តាប់ឱ្យបាននូវក្រុមយុវជនគ្រប់អាយុបោះឆ្នោតក្នុងមូលដ្ឋានដើម្បីឱ្យពួកគាត់បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាពីព្រោះយុវជនជាកំលាំងស្នូល កំលាំងរឺងមាំដែលមិនអាចខ្វះបានឡើយ ពិសេសថ្នាក់ដឹកនាំបក្សឃុំទាំងអស់ត្រូវតែរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងឱ្យបានល្អទើបយើងអាចទាញយកបេះដូងពួកគាត់បាន។
លោកជំទាវជំរុញក្រុមការងារគណបក្សទាំងអស់ធ្វើសកម្មភាពទាំងថ្នាក់ស្រុកថ្នាក់ឃុំនិងថ្នាក់ភូមិទៅដល់មូលដ្ឋានផ្ទាល់ដើម្បីសម្រួលសតិអារម្មណ៏និងផ្តល់ភាពកក់ក្តៅនិងដោះស្រាយបញ្ហាជូនពួកគាត់បានទាន់ពេលវេលា។

លោកជំទាវ ឃួន ឃុនឌី ជំរុញឱ្យសមាជិក សមាជិកាទាំងអស់ត្រូវចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដើម្បីដឹងថាតើយើងមានឈ្មោះក្នុងបញ្ជីហើយឬនៅនឹងត្រឹមត្រូវតាមលក្ខខណ្ឌរបស់ គជប ដែររឺទេ៕
ដោយ៖ ដោយ៖ ស៊ុម វណ្ណា





