ហ្វ្រង់កូហ្វូនី៖ ចាប់ពីការកកើតរហូតដល់កិច្ចប្រជុំកំពូលលើកទី២០នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦-- ក្នុងនាមជាអង្គការនយោបាយ និងវប្បធម៌អន្តរជាតិមួយ ប្រវត្តិសាស្ត្រនៃហ្វ្រង់កូហ្វូនីមានឫសគល់ចេញពីគោលគំនិតអក្សរសាស្ត្រ និងភូមិសាស្ត្រនាចុងសតវត្សរ៍ទី១៩ មុនពេលប្រែក្លាយទៅជាចលនាស្ថាប័ន និងនយោបាយដ៏សំខាន់មួយ នៅក្រោយសម័យរំដោះអាណានិគម។
ពាក្យ « ហ្វ្រង់កូហ្វូនី (Francophonie) » ត្រូវបានបង្កើតឡើងនៅប្រហែលឆ្នាំ១៨៨០ ដោយអ្នកភូមិសាស្ត្របារាំង លោក Onésime Reclus។ ពីដើមឡើយ លោកបានប្រើប្រាស់ពាក្យនេះក្នុងន័យភូមិសាស្ត្រ និងភាសាសុទ្ធសាធ ដើម្បីសំដៅដល់បណ្តាប្រទេស និងប្រជាជនទាំងឡាយនៅលើផែនដី ដែលប្រើប្រាស់ភាសាបារាំងក្នុងកម្រិតខុសៗគ្នា។ ជាយូរណាស់មកហើយ ពាក្យនេះត្រូវបានកម្រិតប្រើប្រាស់ត្រឹមតែក្នុងរង្វង់ភូមិសាស្ត្រ និងអក្សរសាស្ត្រប៉ុណ្ណោះ។ 
បន្ទាប់ពីឯករាជ្យភាពរបស់បណ្តាប្រទេសជាច្រើននៅអាហ្វ្រិក និងអាស៊ីក្នុងទសវត្សរ៍ឆ្នាំ ១៦៩០ មេដឹកនាំជាច្រើនរូបនៃបណ្តាប្រទេសដែលទើបទទួលបានឯករាជ្យថ្មីៗ ដែលមានមោទនភាពក្នុងការចែករំលែកភាសាបារាំងជាភាសារួម បានផ្តួចផ្តើមគំនិតបង្កើតរចនាសម្ព័ន្ធសហប្រតិបត្តិការមួយឡើង។ ពួកគាត់ត្រូវបានគេប្រសិទ្ធនាមថាជា «បិតាស្ថាបនិក» នៃហ្វ្រង់កូហ្វូនី រួមមាន៖ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក Habib Bourguiba ប្រធានាធិបតីទុយនេស៊ី លោក Léopold Sédar Senghor ប្រធានាធិបតីសេនេហ្គាល់ និងលោក Hamani Diori ប្រធានាធិបតីនីហ្សេរីយ៉ា។
ចាប់តាំងពីឆ្នាំ១៩៦៦ លោក Léopold Sédar Senghor បានលើកឡើងនូវប្រយោគមួយដ៏ល្បីល្បាញមួយដើម្បីកំណត់និយមន័យនៃសហគមន៍ជោគវាសនានេះថា៖ «យើងផ្ទុកក្នុងខ្លួនយើងនូវឈាមបារាំងដែលប្រឡាក់នេះ ប៉ុន្តែចេញនេះពីឈាមនោះ យើងបានបង្កើតវាទៅជាកំណាព្យមួយ»។ លោកបានតស៊ូមតិដើម្បី «ហ្វ្រង់កូហ្វូនី» ផ្អែកលើនយោបាយ និងសាមគ្គីភាព។ 
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុង Niamey ប្រទេសនីហ្សេរីយ៉ា អនុសញ្ញាស្តីពីការបង្កើត ACCT (ភ្នាក់ងារសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស) ត្រូវបានចុះហត្ថលេខា។ នេះជាលិខិតកំណើតផ្លូវការនៃស្ថាប័នហ្វ្រង់កូហ្វូនី។ គោលដៅដំបូងគឺផ្តោតជាចម្បងលើវប្បធម៌ បច្ចេកទេស អប់រំ និងភាសា។
ជាច្រើនទសវត្សរ៍មកនេះ អង្គការនេះបានវិវត្តខ្លួន មិនមែនត្រឹមតែជាអង្គការវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអង្គការនយោបាយទៀតផង។ ក្នុងឆ្នាំ១៩៨៦ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកដំបូងត្រូវបានរៀបចំឡើងនៅទីក្រុងប៉ារីស (ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីបារាំង គឺ François Mitterrand និងប្រមុខរដ្ឋផ្សេងទៀត)។ ចាប់ពីពេលនោះមក កិច្ចប្រជុំកំពូលនេះបានប្រមូលផ្តុំប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំងឱ្យមកជួបជុំគ្នា រៀងរាល់ពីរឆ្នាំម្ដង។
នៅឆ្នាំ១៩៩៧ ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ប្រទេសវៀតណាម អង្គការនេះបានបង្កើតឱ្យមានប្រមុខនយោបាយពិតប្រាកដ ដោយបានបង្កើតតំណែងអគ្គលេខាធិការនៃហ្វ្រង់កូហ្វូនី។ បុគ្គលដំបូងគេដែលបានកាន់តំណែងនេះគឺលោក Boutros Boutros-Ghali ជនជាតិអេហ្ស៊ីប ដែលជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ហើយ ACCT ក៏បានប្រែឈ្មោះទៅជាអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
ជាប្រវត្តិសាស្ត្រ កម្ពុជាគឺជាប្រទេសទីពីរនៅអាស៊ីដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជិត៣០ឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឆ្នាំ១៩៩៧។ ព្រះរាជាណាចក្រកម្ពុជាកំពុងរៀបចំខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅភ្នំពេញ ក្រោមប្រធានបទផ្លូវការ៖ «ការវិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ព្រះរាជាណាចក្រកម្ពុជាក៏កំពុងរៀបចំខ្លួនដើម្បីទទួលយកបរិយាកាសរំជើបរំជួលនៃភូមិហ្វ្រង់កូហ្វូនី និងវេទិកានវានុវត្តន៍ឌីជីថល FrancoTech ជាព្រឹត្តិការណ៍អមដ៏សំខាន់ផងដែរ។

យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសង្កេតការណ៍ភាសាបារាំង ដែលបានចេញផ្សាយនៅខែមីនា ឆ្នាំ២០២៦ មានអ្នកនិយាយភាសាបារាំងប្រមាណ៣៩៦លាននាក់ត្រូវបានកត់ត្រានៅទូទាំងពិភពលោក ដែលធ្វើឱ្យភាសាបារាំងជាភាសាដែលនិយាយច្រើនជាងគេលំដាប់ទី៤នៅលើពិភពលោក។ ចាប់តាំងពីកិច្ចប្រជុំកំពូល Villers-Cotterêts មក OIF មានសមាជិកចំនួន៩៣រដ្ឋ និងរដ្ឋាភិបាល ដោយចែកចេញជាសមាជិកពេញសិទ្ធិ៥៦ (រួមទាំងកម្ពុជា) សមាជិកសហការី ៥ និងសមាជិកសង្កេតការណ៍៣២៕
ដោយ៖ ទេស ច័ន្ទសុធារី





