សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌លើកទី៧ ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦-- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ព្រមទាំងសហការី នាថ្ងៃពុធទី៧ ខែតុលា ឆ្នាំ២០២៦នេះ ឱ្យអញ្ជើញទៅសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៧ ជូនសិស្ស-កុមារ១១៥នាក់ និងគ្រូ១៦នាក់នៃសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោកជំទាវ ម៉ែន នារីសោភ័គ បាននាំយកនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខក្តីអាណិត ស្រឡាញ់ចំពោះកុមារទាំងអស់ ដោយសេចក្តីនឹករលឹក។ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ សូមកោតសរសើរចំពោះថ្នាក់ដឹកនាំសមាគម ដែលយកចិត្តទុកដាក់ផ្តល់ក្តីស្រឡាញ់ ផ្តល់នូវការថែទាំកុមារជាង១០០នាក់ ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍមូលធនមនុស្សរបស់ព្រះរាជាណាចក្រកកម្ពុជា។

លោកជំទាវបានរំលឹកថា កាកបាទក្រហមកម្ពុជាបានជួយកុមារនៅទីនេះតាំងពីនៅតូចមានទាំងមធ្យោបាយធ្វើដំណើរ រួមទាំងអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់ឱ្យក្មួយៗចៅៗ បន្តការសិក្សាថ្នាក់ឧត្តមសិក្សាថែមទៀតផង។ អំណោយទាំងនេះគឺបានមកពីការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនតែងតែតាមជួយដល់ឱ្យកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ហើយអ្វីដែលយើងបានធ្វើនេះ ក៏ដោយសារការចង្អុលបង្ហាញ និងការគាំទ្រដោយទឹកចិត្តសប្បុរសដ៏ធំធេងបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ និងក្នុងទិវាមនុស្សចាស់ជាតិ-អន្តរជាតិនេះ យើងនឹងមានសកម្មភាពជាបន្តបន្ទាប់ទៀត។ លោកជំទាវបន្តថា កុសលផលបុណ្យដែលបានកសាងនេះ សូមឱ្យទ្រទ្រង់ប្រោសព្រំផ្តល់សេចក្តីសុខ សេចក្តីចម្រើន សុខសន្តិភាព ដល់ព្រះរាជាណាចក្រកម្ពុជា សូមឱ្យបងប្អូនជនរួមជាតិទាំងអស់ ខិតខំថែរក្សាសាមគ្គីភាព ដើម្បីអភិវឌ្ឍប្រទេសជាតិ ហើយក៏មិនភ្លេចទេ ផលបុណ្យដែលបានធ្វើនៅពេលនេះក៏ដូចពេលណាទាំងអស់ យើងគិតដល់សាច់ស្រស់ឈាមស្រស់របស់វីរយុទ្ធជនកម្ពុជា ដែលខិតខំលះបង់ ដើម្បីការពារបូរណភាពទឹកដីរបស់យើង។

លោកជំទាវបានផ្តាំផ្ញើដល់ចៅៗកុមារទាំងអស់ត្រូវចេះថែទាំសុខភាពឱ្យបានល្អ ទម្លាប់ហូបស្អាត ផឹកស្អាតរស់នៅស្អាត មានអនាម័យ ក្នុងនោះក្រុមការងារបាននាំមកជាមួយនូវឃីត (មុង ភួយ សារុង ក្រមា) សម្រាប់ឱ្យក្មួយៗ ចៅៗ បានផ្លាស់ប្តូរ ហើយមួយវិញទៀតចំពោះការរស់នៅត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញ-ទៅមកប្រៀបដូចបងប្អូនម្តាយតែមួយ ពិសេសត្រូវជៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ ឬការប្រើប្រាស់គ្រឿងញៀន ដោយខិតខំសិក្សារៀនសូត្រដើម្បីអនាគតភ្លឺស្វាង។
តំណាងកុមារ និងគ្រូ ទាំងអស់នៃសមាគម បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចតេជោ ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែផ្តល់ក្តីមេត្តាករុណា និងការយកចិត្តទុកដាក់គាំទ្រដល់កុមារកំព្រា និងជនខ្វះខាតដោយគ្មានការរើសអើងឡើយ និងសូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចតេជោ ហ៊ុន សែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបតែពុទ្ធពរទាំង៤ប្រការ។


អំណោយរួមមាន អង្ករ១តោន មី២០កេស ត្រីខ៣កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ប្រេងឆា២កេស ទឹកក្រូច១០កេស ទឹកបរិសុទ្ធ១០កេស សាប៊ូកក់សក់ ៤កេស សាប៊ូដុសខ្លួន ៤កេស ឃីត ៣០ឃីត និងថវិកា ៥លានរៀល ព្រមទាំងរៀបចំអាហារសម្រន់ (នំបញ្ចុកការីខ្មែរ និងមានបំពង) ជូនដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗកុមារពិសាររួមគ្នាមួយពេលផងដែរ។ សូមបញ្ជាក់ថា នេះជាលើកទី៧ហើយ ដែលកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខនិងផ្តល់អំណោយជូនសមាគមខាងលើ បន្ទាប់ពីការចុះជួបលើកទី១ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧មក៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





