ឯកឧត្តម អ៊ូច ភា៖ គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះនៃការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ
AKP កំពង់ចាម ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះនៃការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ នឹងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដែលតម្រូវឱ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាអនុវត្តនូវគោលនយោបាយនេះប្រកបដោយមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់ តាមរយៈការអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទៅក្នុងការចូលរួមទាំងអស់គ្នា។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់ដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុងស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តម អ៊ូច ភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម មន្ទីរ-អង្គភាពជំនាញនានាជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កន្លងមក ដោយសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។

ឯកឧត្តមបានបញ្ជាក់ថា គោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាពបានរំលេចនូវខ្លឹមសារ និងបង្កប់ អត្ថន័យជាច្រើនក្នុងនោះដូចជា ការផ្ដល់សេវាសាធារណៈ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់នានាដែលបណ្ដាលមកពីគ្រោះមហន្តរាយ រួមទាំង ការចូលរួមទប់ស្កាត់រាល់ជំងឺឆ្លងរាត ត្បាតនានានៅគ្រប់កាលៈទេសៈផងដែរ។

ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធនានា ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយចូលរួមផ្សព្វផ្សាយ ចូលកាន់តែ ជ្រៅក្នុងស្រទាប់ មហាជន និងយុវវ័យ និងជំរុញការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម៕
ដោយ ឆាយ ម៉ុត





