រដ្ឋបាលខេត្តកណ្តាល បើកវគ្គផ្សព្វផ្សាយ ស្តីពីការប្រឡងគ្រូបង្រៀន មន្ត្រីរាជការ ដើម្បីផ្ទេរការងារមកនៅរាជធានីភ្នំពេញ
AKP កណ្តាល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំ ស្តីពីវគ្គផ្សព្វផ្សាយការប្រឡងផ្ទៃក្នុងសម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខណ្ឌ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេសមកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមតាមគ្រឹះស្ថានសិក្សាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល។

នៅក្នុងឱកាសនោះ លោក ប៊ុន ផេង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំការប្រឡងផ្ទៃក្នុងនេះ ដែលជាយន្តការប្រកបដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការជាក់ស្តែង ដោះស្រាយបញ្ហាកង្វះខាតគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយសារការកើនឡើងយ៉ាងរហ័សនៃចំនួនសិស្ស។ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើ និងណែនាំដល់លោកគ្រូ អ្នកគ្រូ នៅក្នុងខេត្តកណ្តាល ដែលមានបំណងចូលរួមប្រឡង ត្រូវសិក្សាឈ្វេងយល់ឱ្យបានច្បាស់លាស់អំពីលក្ខខណ្ឌ នីតិវិធី និងកាលបរិច្ឆេទនៃការដាក់ពាក្យ ព្រមទាំងរៀបចំឯកសារពាក់ព័ន្ធឱ្យបានត្រឹមត្រូវទៅតាមការកំណត់។

មន្ទីរជំនាញពាក់ព័ន្ធជួយសម្រួល និងផ្តល់ព័ត៌មានលម្អិតជូនដល់បេក្ខជនទាំងអស់ឱ្យបានទាន់ពេលវេលា និងប្រកបដោយភាពសុក្រឹត។ វគ្គផ្សព្វផ្សាយ និងពិភាក្សានេះ ត្រូវបានរៀបចំឡើងដើម្បីសម្រេចបាននូវលទ្ធផលសំខាន់ៗចំនួន៣ ដើម្បីឱ្យលោកគ្រូ អ្នកគ្រូក្របខណ្ឌបានយល់ដឹងកាន់តែច្បាស់ រួមមាន ទី១ ការយល់ដឹងច្បាស់អំពីលក្ខខណ្ឌជ្រើសរើស និងលក្ខខណ្ឌគតិយុត្តិ ទី២ ការចេះកសាងផែនការតម្រូវការគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារជំនួស និងទី៣ ការស្នើសុំគ្រូបង្រៀនលើកិច្ចព្រមព្រៀងការងារឱ្យបានទាន់ពេលវេលា។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរមុខងារសាធារណៈខេត្ត អាជ្ញាធរក្រុង-ស្រុក ព្រមទាំងលោក-លោកស្រី ជានាយក នាយិកា និងលោកគ្រូ-អ្នកគ្រូជាច្រើនរូបផងដែរ៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





