បាត់ដំបងយូណៃធីត និងត្បូងឃ្មុំឈ្នះគូប្រកួតជើងទី១១/៤ផ្តាច់ព្រ័ត្រ ពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦--ក្រុមបាត់ដំបងយូណៃធីត និងក្រុមខេត្តត្បូងឃ្មុំបានយកឈ្នះគូប្រកួតរៀងៗខ្លួន នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ឬវគ្គ៨ក្រុមចុងក្រោយ ជើងទី១ កាលពីល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល ២០២៦-២០២៧។

២ប្រកួតបើកឆាកនៃវគ្គ១/៤ផ្តាច់ព្រ័ត្រនេះ គឺក្រុមបាត់ដំបងយូណៃធីតបានយកឈ្នះក្រុមភូមិបាលស្រុកថាឡាបរិវ៉ាត់ខេត្តពោធិ៍សាត់ ដោយលទ្ធផល ២-១ ខណៈក្រុមខេត្តត្បូងឃ្មុំបានយកឈ្នះក្រុមខេត្តមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដោយលទ្ធផល ៦-២។ ២ប្រកួតនេះនឹងត្រូវប្រកួតនៅជើងទី២ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដើម្បីកាត់សេចក្តីថាតើ២ក្រុមឈ្នះៗណា ដែលត្រូវឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំពោះ២ប្រកួតផ្សេងទៀតវគ្គ១/៤ផ្តាច់ព្រ័ត្រ ជើងទី១ នាល្ងាចថ្ងៃទី០៧ ខែតុលានេះ គឺខេត្តបន្ទាយមានជ័យ ប៉ះ ខេត្តកោះកុង ស្របពេលដែលក្រុមខេត្តព្រះសីហនុ ប៉ះក្រុមខេត្តកណ្តាល។ ២ប្រកួតនេះនឹងត្រូវប្រកួតកាត់សេចក្តី នៅជើងទី២ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដើម្បីស្វែងរកក្រុមជ័យលាភី២ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២១ ខែតុលា និងជើងទី២នឹងធ្វើឡើងនាថ្ងៃទី២៨ ខែតុលាខាងមុខនេះ ដើម្បីរក២ក្រុមឈ្នះៗឡើងប្រកួត វគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯកថ្នាក់ខេត្ត នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈ២ក្រុមចាញ់ៗនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣។ ក្រុមជ័យលាភីថ្នាក់ខេត្តនេះនឹងក្លាយជាបេក្ខភាពឡើងទៅប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ជាមួយក្រុមឈរជើងក្នុងក្របខ័ណ្ឌជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឬលីគកំពូលកម្ពុជា ដែលមាន១១ក្រុម។

មន្ត្រីគណៈកម្មការរៀបចំប្រកួតបាល់ទាត់ជាតិ (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី០៧ ខែតុលានេះថា មកដល់ពេលនេះ ការបើកទទួលចុះឈ្មោះការប្រកួតបាល់ទាត់លីគទី២កម្ពុជាមិនទាន់បានបិទបញ្ចប់នៅឡើយទេ ដោយមិនទាន់កំណត់ថាមានប៉ុន្មានក្រុមនោះទេ ដែលនឹងអាចប្រែប្រួលនូវការកំណត់ចំនួនក្រុមជ័យលាភីពីក្រុមថ្នាក់ខេត្តនឹងត្រូវប្រកួតជម្រុះជាមួយក្រុមលីគទី២ មុនឈានឆ្ពោះទៅប្រកួតថ្នាក់ជាតិ ដែលមាន១១ក្រុមកំពុងឈររង់ចាំស្រាប់៕
ដោយ ហេង ណាលីន (រូបភាព៖ CNCC)





