UNCEF ថ្លែងកោតសរសើរនិងបន្តគាំទ្រយ៉ាងសកម្មដល់កម្ពុជា ឱ្យសម្រេចបាននូវគោលនយោបាយនិងយុទ្ធសាស្រ្តរបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦–តំណាងថ្មីអង្គការ UNCEF ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី Ms. Maha Damaj បានលើកឡើងថា អង្គការ UNCEF បន្តចូលរួមគាំទ្រយ៉ាងសកម្មដល់ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដើម្បីជួយឱ្យកម្ពុជាសម្រេចបាន នូវភាពស្អាត ភាពបៃតង និងចីរភាព ព្រមទាំងការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ។ ការលើកឡើងរបស់លោកស្រី បានធ្វើឡើងក្នុងឱកាស ទទួលបានការអនុញ្ញាត ជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអ៊ាងសុផល្លែត បានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់អង្គការ UNCEF ដែលចូលរួមចំណែកលើកកម្ពស់ការអប់រំ និងការពារបរិស្ថាននៅកម្ពុជា។ ឯកឧត្តមបានថ្លែងបន្ថែមអំពីកិច្ចសហប្រតិបត្តិការ សម្រាប់យុទ្ធនាការ ដើម្បីកម្ពុជាមានភាពស្អាត ដែលកន្លងមកនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងមានមនុស្សប្រមាណ១៥លាននាក់ ក្នុងនោះសិស្សានុសិស្សនៅតាមសាលារៀន បានចូលរួមក្នុងយុទ្ធនាការ ព្រមទាំងមានការប្តេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក យ៉ាងតិចក៏១ថ្ងៃក្នុង១សប្តាហ៍។ ក្នុងនោះដែរ ក្រសួងបានដាក់ចេញយុទ្ធនាការផ្សេងទៀតដែលឆ្លើយតបរួមគ្នាទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ចូលរួមសម្អាតបរិស្ថាន នៅតាមមូលដ្ឋាននិងតាមផ្លូវជាតិ។ ក្នុងឆ្នាំកន្លងមកនេះ កម្ពុជាបានកាត់បន្ថយការនាំចូល ប្លាស្ទិកចំនួន៨៥%។ លើសពីនេះ ក្រសួងបរិស្ថាន បាននិងកំពុងផ្តល់ធុងសំរាម ទៅតាមសាលារៀនដើម្បីបណ្តុះគំនិតកុមារ និងយុវជន ផ្សារភ្ជាប់ទៅសហគមន៍ អំពីចំណេះដឹង លើការគ្រប់គ្រង ការញែកសំរាមឱ្យបានត្រឹមត្រូវ និងការថែរក្សាអនាម័យបរិស្ថាន។

ក្រៅពីភាពស្អាត ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថាកម្ពុជា បានពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយដៃគូពាក់ព័ន្ធ លើការពង្រឹងច្បាប់តឹងរ៉ឹង ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការការពារព្រៃឈើ ជំរុញការអភិវឌ្ឍជីវភាពសហគមន៍ ជំរុញការបណ្តុះ ដាំស្តាព្រៃឈើ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើនគម្របបៃតង និងកម្ពុជាឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ក្នុងជំនួបនៅថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញគម្រោងសហប្រតិបត្តិការលើការពង្រឹង ការអប់រំ បញ្ជ្រាបចំណេះដឹងស្តីពីការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ កាន់តែប្រសើរថែមទៀត តាមរយៈការលើកកម្ពស់ជីវភាព និងភាពធន់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ជាពិសេសការប្រឈមនៃបាតុភូត អ៊ែលនីញ៉ូនៅពេលខាងមុខផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថាន បន្តពង្រីកសកម្មភាពដាំកូនឈើឡើងវិញយ៉ាងសកម្ម ដើម្បីបង្កើតគម្របបៃតង ទប់ទល់នឹងរលកកម្ដៅ និងពង្រឹងភាពជាដៃគូ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើតភាពធន់ នៅចំពោះមុខវិបត្តិអាកាសធាតុនេះ។ យោងតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងស្និសីទស្តីពីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នាពេលកន្លងមក កម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញ ឱ្យសហគមន៍អន្តរជាតិ បង្កើនមូលនិធិអាកាសធាតុ សម្រាប់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដើម្បីធានាថា ប្រទេសងាយរងគ្រោះមិនត្រូវ ផ្ទុកបំណុលបន្ថែម ក្នុងការដោះស្រាយវិបត្តិកើតឡើងដោយការប្រែប្រួលអាកាសធាតុ។ នៅក្នុងកិច្ចប្រជុំកំពូលលើកទី៣១ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ COP31 នាពេលខាងមុខ នៅប្រទេសតួគីយ៉េ កម្ពុជានឹងបន្តជំរុញឱ្យមានការគាំទ្រតាមការសន្យាហិរញ្ញវត្ថុប្រកបដោយសមធម៌ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល៕










ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ក្រសួងបរិស្ថាន





