ប្រធានាធិបតីម៉ូសំប៊ិកអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មកាន់តែរឹងមាំជាមួយប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ -- ប្រធានាធិបតីម៉ូសំប៊ិក លោកដាញ៉ែល ចាប៉ូ (Daniel Chapo) បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មកាន់តែរឹងមាំរវាងប្រទេសម៉ូសំប៊ិក និងប្រទេសចិន ហើយបានសម្តែងក្តីសង្ឃឹមថា គំរូនៃកិច្ចសហប្រតិបត្តិការរបស់កសិដ្ឋានស្រូវ Wanbaoដែលវិនិយោគដោយប្រទេសចិន អាចនឹងត្រូវបានពង្រីកទៅកាន់តំបន់ផ្សេងទៀតនៃប្រទេស។
លោក ចាប៉ូ បានថ្លែងបែបនេះ ខណៈពេលដែលលោកបានចូលរួមក្នុងពិធីប្រមូលផលស្រូវសាលីនៅកសិដ្ឋានស្រូវ Wanbao ក្នុងខេត្តហ្គាហ្សាភាគខាងត្បូងនៃប្រទេស។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ លោក ចាប៉ូ បានទស្សនាការតាំងបង្ហាញដំណាំ និងគ្រាប់ពូជផ្សេងៗ រួមមានស្រូវ ស្រូវសាលី និងពោត ហើយបានស្វែងយល់អំពីកិច្ចសហប្រតិបត្តិការរបស់កសិដ្ឋានជាមួយកសិករក្នុងតំបន់។
លោក ចាប៉ូ បានមានប្រសាសន៍ថា វិស័យកសិកម្មមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រទេសម៉ូសំប៊ិក ដោយលោកបានអំពាវនាវឱ្យប្រទេសទាំងពីរពង្រឹងបន្ថែមទៀតនូវការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សមត្ថភាពផលិតស្បៀងអាហាររបស់ប្រទេសម៉ូសំប៊ិក។
លោក សៅ ចៀយ៉ុន (Shao Jiayun) អ្នកគ្រប់គ្រងទូទៅនៃកសិដ្ឋានស្រូវ Wanbao បាននិយាយថា កសិដ្ឋាននេះដាំស្រូវលើផ្ទៃដីប្រហែល៣.៥០០ហិកតាជារៀងរាល់ឆ្នាំដែលក្នុងនោះមានផ្ទៃដីប្រហែល ១.០០០ហិកតាត្រូវបានដាំដុះដោយសហការជាមួយកសិករក្នុងតំបន់ ដោយផលិតបានស្រូវប្រហែល ២០.០០០តោន និងអង្ករ ១២.០០០តោនជារៀងរាល់ឆ្នាំ។
លោកបាននិយាយថា នៅឆ្នាំនេះ បន្ទាប់ពីការដាំដុះសាកល្បងក្នុងកម្រិតតូចកាលពីឆ្នាំមុន ក្រុមហ៊ុនបានដាំស្រូវសាលីលើផ្ទៃដីប្រហែល៦៦៧ហិកតា និងទទួលបានទិន្នផលល្អ។
លោក សៅ បាននិយាយថា បច្ចុប្បន្នកសិដ្ឋាននេះធ្វើការជាមួយគ្រួសារកសិករក្នុងតំបន់ប្រហែល ៣៥០ ទៅ ៤០០គ្រួសារជារៀងរាល់ឆ្នាំ។តាមរយៈការណែនាំពូជដំណាំដែលបានកែលម្អ ការលើកកម្ពស់បច្ចេកវិទ្យាកសិកម្ម ការផ្តល់គ្រឿងយន្ត និងការផ្តល់ការណែនាំអំពីការផលិត គម្រោងនេះបានជួយកសិករដែលចូលរួមបង្កើនទិន្នផលរបស់ពួកគេ។
លោកបាននិយាយថា កសិករមួយចំនួនដែលធ្វើការជាមួយកសិដ្ឋាននេះ បានឃើញទិន្នផលគ្រាប់ធញ្ញជាតិកើនឡើងពីប្រហែល ១ ទៅ១,៥តោនក្នុងមួយហិកតានៅពេលកន្លងមក ទៅជាចន្លោះពី ៥ ទៅ ៧តោនក្នុងមួយហិកតា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





