ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនការរៀបចំផែនការយុទ្ធសាស្ដ្រ តាមកម្មវិធីអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនការរៀបចំផែនការយុទ្ធសាស្ដ្រ តាមកម្មវិធីអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទសនៃក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃចន្ទទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ។


កិច្ចប្រជុំមានធ្វើបទបង្ហាញចំនួន ០២ រួមមាន៖
ទី១: សេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រស្ដីពី ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ឆ្នាំ២០២៦-២០៣៣ ដោយ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ភូមិ និងសហគមន៍ជនបទ និង
ទី២: សេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រស្ដីពី ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ ឆ្នាំ២០២៦-២០៣៣ ដោយ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។ អង្គប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់ និងផ្ដល់ធាតុចូលដ៏មានសារៈសំខាន់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រដែលក្រុមការងារបច្ចេកទេសបានរៀបចំ ដើម្បីឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយអាចអនុវត្តសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។


ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ដល់ក្រុមការងារបច្ចេកទេស ឱ្យដាក់បញ្ចូលនូវធាតុចូលដែលទទួលបានពីអង្គប្រជុំទៅក្នុងសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រនេះ ដើម្បីធានាថា ផែនការយុទ្ធសាស្ដ្រដែលបានរៀបចំ និងសម្រេចដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ មានសង្គតិភាពទៅនឹងគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





