សិល្បៈជាស្ពានលុបបំបាត់ការរើសអើងតាមរយៈយុទ្ធនាការលើកកម្ពស់សិទ្ធិ និងបរិយាបន្នជនមានពិការភាពនៅកម្ពុជារបស់អង្គការមូលនិធិអាស៊ី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ — អង្គការមូលនិធិអាស៊ី (The Asia Foundation) បានរៀបចំកម្មវិធី «សប្តាហ៍នៃការលើកកម្ពស់បរិយាបន្នពិការភាព» នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២៦ នេះ ដើម្បីប្រើប្រាស់ថាមពលនៃសិល្បៈក្នុងការផ្លាស់ប្តូរឥរិយាបថសង្គម និងជំរុញការចូលរួមដោយសមធម៌សម្រាប់ជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះមានការចូលរួមពីអ្នករៀបចំគោលនយោបាយ តំណាងអង្គការសង្គមស៊ីវិល សិល្បករ និងសកម្មជនសិទ្ធិជនមានពិការភាពជាច្រើនរូប ដើម្បីពិភាក្សា និងបង្ហាញពីសមត្ថភាពពិតប្រាកដរបស់ជនមានពិការភាពដែលតែងតែត្រូវបានមើលរំលង។

លោកស្រី មេឡូនី លីនបឺក តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «ថ្ងៃនេះ គឺជាឱកាសពិសេសមួយដើម្បីជួបជុំគ្នា អបអរសាទរនៃការចូលរួមប្រកបដោយបរិយាបន្ន និងមានអត្ថន័យ ព្រមទាំងទទួលស្គាល់នូវការរួមចំណែក ភាពច្នៃប្រឌិត បទពិសោធន៍ និងទេពកោសល្យរបស់ជនមានពិការភាព»។ លោកស្រីបានបន្ថែមថា ការបង្កើតបរិយាបន្នមិនមែនជាការផ្តល់ក្តីអាណិតអាសូរនោះទេ ប៉ុន្តែជាការធានានូវសិទ្ធិស្មើគ្នាក្នុងការរស់នៅ ការងារ និងការបង្កើតកម្រិតជីវភាព។ សិល្បៈគ្រប់ទម្រង់ដែលបានដាក់បង្ហាញក្នុងកម្មវិធីនេះ គឺជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការកែប្រែឥរិយាបថ ផ្នត់គំនិត ការយល់ឃើញ និងការរើសអើងដែលនៅសេសសល់ក្នុងសង្គម។

កម្មវិធីនេះបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន រួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានដែលគ្មានរបាំងឧបសគ្គ ដើម្បីធានាថា ជនមានពិការភាពអាចទទួលបានឱកាសស្មើៗគ្នាក្នុងការអភិវឌ្ឍសមត្ថភាព និងចូលរួមក្នុងសេដ្ឋកិច្ចជាតិនានាក្នុងនាមជាប្រជាពលរដ្ឋដូចគេឯងដែរ៕
ដោយ៖ យា ចិន្តាខន្តី (រូបថត៖ ហុង ម៉េងឡុង)





