ឯកឧត្តម ណយ ផាណា៖ ការធ្វើតេស្តការហ្វឹកហាត់របស់កីឡាករ កីឡាការិនី កាយសម្ព័ន្ធ ជាចំណុចសំខាន់ក្នុងការពិនិត្យគុណភាពបច្ចេកទេស
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦--
ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធបានរៀបចំការធ្វើតេស្តការហ្វឹកហាត់កីឡាករ កីឡាការិនីកាយសម្ព័ន្ធ ក្នុងដំណាក់កាលត្រៀមប្រកួត ដោយនៅក្នុងដំណាក់កាលត្រៀមប្រកួតនេះ មានរយៈចន្លោះពីពីរខែ ទៅ៣ខែ ដែលនៅក្នុងចុងដំណាក់កាលនេះ គឺត្រូវធ្វើតេស្ត ដើម្បីពិនិត្យមើលគុណផលបច្ចេកទេសរបស់កីឡាករ កីឡាការិនីថាតើគុណផលបច្ចេកទេស គុណផលកម្លាំងកាយរបស់ពួកគាត់ឡើងដល់កម្រិតណា។

នៅក្នុងអំឡុងការធ្វើតេស្តកីឡាករ កីឡាការិនីកាយសម្ព័ន្ធ ក្នុងសប្តាហ៍នេះ នៅទីលានហ្វឹកហាត់សហព័ន្ធ ស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្តមអគ្គលេខាធិការបន្ថែមថា នេះជាលក្ខណៈបច្ចេកទេសមួយ ដែលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា គ្រូបង្វឹកតែងតែសហការគ្នា ក្នុងការធ្វើតេស្តរបៀបនេះជារៀងរាល់ដំណាក់កាលនីមួយៗ ក្នុងការប្រមូលផ្តុំហ្វឹកហាត់។ មានន័យថា ការធ្វើតេស្តត្រូវបានធ្វើឡើងប្រចាំខែ ដំណាក់កាលរៀបចំ ដំណាក់កាលត្រៀមប្រកួត ដោយត្រូវធ្វើតេស្តប្រចាំខែ និងធ្វើតេស្តដំណាក់កាលប្រកួតទៀត។

ឯកឧត្តម ណយ ផាណា បានសង្កត់ធ្ងន់បែបនេះថា៖ «ជាការពិត កីឡាជំនាញត្រូវការការអនុវត្តផែនការបែបនេះ ហើយស្របទាំងអស់គ្នា ដោយត្រូវឯកភាពគ្នា ក្នុងការអនុវត្តការងារនេះ ដើម្បីពិនិត្យទៅលើគុណតម្លៃនៃការហ្វឹកហាត់របស់ប្រភេទកីឡានីមួយៗ។ នេះជាចំណុចសំខាន់នៃការធ្វើតេស្ត ហើយប្រសិនបើគ្មានការធ្វើតេស្តរបៀបនេះទេ នោះយើងមិនអាចធ្វើឱ្យជំនាញកីឡាមួយឈានទៅដល់កីឡាកម្រិតខ្ពស់បានទេ ហើយក៏មិនអាចមានលទ្ធផលល្អ ក្នុងការស្វែងរកមេដាយជូនជាតិបាននោះដែរ»។
គូសបញ្ជាក់បន្ថែមពីលើនេះ ឯកឧត្តម ណយ ផាណា មានប្រសាសន៍ទៀតថា ជាធម្មតា សហព័ន្ធតែងតែដាក់ផែនការបែបនេះនូវ៤ចំណុចសំខាន់សម្រាប់១ឆ្នាំៗ ជាលក្ខណៈស្តង់ដា ហើយនៅពេលមានការប្រកួតក៏យើងមានរៀបចំផែនការបែបនេះដែរ ដោយមិនចាំបាច់ទាល់តែមានការប្រកួត ឬត្រៀមប្រកួតទើបយើងរៀបចំបែបនោះឡើយ ពោលគឺនេះជាផែនការរៀបចំប្រចាំឆ្នាំនីមួយៗតែម្តង។ ជាទូទៅ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមានកាលរិច្ឆេតរបស់សហព័ន្ធអន្តរជាតិ ចាប់ពីខែសីហា ខែកញ្ញា ឬខែតុលា ឬចុងឆ្នាំ មានការប្រកួតអន្តរជាតិ ដូច្នេះសហព័ន្ធតែងតែបានរៀបចំផែនការរបស់យើងឱ្យស្របតាមដំណាក់កាលរបស់សហព័ន្ធអន្តរជាតិ ហើយយើងក៏បានដាក់ជូនផែនការនេះដល់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីអនុវត្តការងារនៅក្នុងស្តង់ដាតែមួយតែម្តង។

ជាមួយគ្នានេះ លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ដែលចុះត្រួតពិនិត្យមើលការហ្វឹកហាត់របស់កីឡាករ កីឡារិនីកាយសម្ព័ន្ធកម្ពុជា នៅទីលានហ្វឹកហាត់សហព័ន្ធ ស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកបានលើកឡើងថា ការហ្វឹកហាត់ គឺយើងត្រូវការមើលគុណផល ការរីកចម្រើនរបស់កីឡាករ កីឡាការិនី។ ដូច្នេះ យើងត្រូវការការពិនិត្យតាមដាន និងវាយតម្លៃនៃការធ្វើតេស្តបែបនេះ ដើម្បីចង់ដឹងថាតើពីមួយដំណាក់កាលទៅមួយដំណាក់កាលមានការរីកចម្រើនទាំងកម្លាំកាយ និងគុណផលបច្ចេកទេសយ៉ាងណាដែរ។ ប្រសិនបើមានចំណុចខ្សោយត្រង់ចំណុចណាខ្លះ ងាយស្រួលសហព័ន្ធ គ្រូបង្វឹកមានផែនការបន្ថែម ក្នុងការពង្រឹងគុណភាពនៃការហ្វឹកហាត់ឱ្យដល់គោលដៅនៃសហព័ន្ធកីឡាជាតិនីមួយៗ៕
ដោយ ហេង ណាលីន





