ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួមពិធីបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ និងទិវាកងកម្លាំងប្រដាប់អាវុធលើកទី៧៨ នៃសាធារណរដ្ឋកូរ៉េ
AKPភ្នំពេញថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦– ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួមពិធីបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ និងទិវាកងកម្លាំងប្រដាប់អាវុធលើកទី៧៨ នៃសាធារណរដ្ឋកូរ៉េ ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ កម្ពុជា - កូរ៉េ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ និងទិវាកងកម្លាំងប្រដាប់អាវុធលើកទី៧៨ នៃសាធារណរដ្ឋកូរ៉េ ដោយក្នុងឱកាសនេះឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យពិធីនេះកាន់តែមានភាពវិសេសវិសាលថែមមួយកម្រិតទៀត ជាពិសេសបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ កម្ពុជា - កូរ៉េ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចូលរួមអបអរសាទរចំពោះពិធីបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ និងទិវាកងកម្លាំងប្រដាប់អាវុធលើកទី៧៨ នៃសាធារណរដ្ឋកូរ៉េ និងបានកត់សម្គាល់ពីចំណងមិត្តភាពរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលបានពង្រឹង និងពង្រីកជាបន្តបន្ទាប់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជាពិសេសនាឆ្នាំ២០២៧ខាងមុខ គឺជាខួបលើកទី៣០ នៃទំនាក់ទំនងការទូត ដែលជាពេលវេលាដ៏សំខាន់មួយដើម្បីវាយតម្លៃលើសមិទ្ធផលរួម និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ឯកឧត្តមបានគូសបញ្ជាក់ថា ការលើកកម្ពស់ទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅខែឧសភា ឆ្នាំ២០២៤ បានបង្ហាញយ៉ាងច្បាស់អំពីភាពចាស់ទុំនៃទំនាក់ទំនងទ្វេភាគី និងសក្ដានុពលសម្រាប់ការរីកចម្រើន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសកូរ៉េមកលើប្រទេសកម្ពុជាលើវិស័យគន្លឹះនានាដូចជា ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងការអប់រំ។ បន្ថែមពីនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនឹងជួយពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនជាលំដាប់បន្ថែមទៀត៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





