តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំសមយុទ្ធវិធី លំហាត់ជួយសង្គ្រោះប្រជាពលរដ្ឋ លើផ្ទៃទឹក
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦
ឯកឧត្តម ឧត្ដមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងកំពង់ឆ្នាំង បានដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហាន សហការ ជាមួយ កម្លាំងកងពលតូចលេខ៧០ សរុបជាង ១០០នាក់ ប្រើប្រាស់៖
-រថយន្តដឹកកម្លាំង ៦គ្រឿង
-រថយន្តសង្គ្រោះ ២គ្រឿង
-កាណូត ២៥គ្រឿង
ធ្វើលំហាត់សមយុទ្ធ សង្គ្រោះប្រជាពលរដ្ឋជាក់ស្តែងនៅលើផ្ទៃទឹក កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឲ្យដឹងថា ការធ្វើលំហាត់យុទ្ធវិធីសង្គ្រោះប្រជាពលរដ្ឋនៅលើផ្ទៃទឹកនាពេលនេះ គឺដោយសារស្ថានភាព ទឹកជំនន់ទន្លេ និង ជំនន់ទឹកភ្លៀង នៅក្នុងខេត្តកំពង់ឆ្នាំង ពិបាកប៉ាន់ស្មាន ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋបានគ្រប់ពេល និង ដើម្បីពង្រឹងលើសមត្ថភាព កងកម្លាំងសង្គ្រោះ នៅពេលដែល ហេតុការណ៍ណាមួយ កើតឡើងនៅលើផ្ទៃទឹក ។

មុននឹងបញ្ចប់ពិធីយុទ្ធវិធីសង្គ្រោះបន្ទាន់ នៅលើផ្ទៃទឹកនេះ ឯកឧត្តម អ៊ុំ សុភា បាននាំយកអំណោយដ៏ថ្លាថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្តម្ភដល់ប្រជាពលរដ្ឋ ដែលបានចូលរួមពិធី ក្នុងនោះមាន៖
-អង្ករ ១៧៥គីឡូក្រាម
-មី ៧កេះ
-ត្រីខ ៧យួរ
-ទឹកត្រី ៧យួរ
-ទឹកស៊ីអ៊ីវ ៧យួរ
-រួមនឹងថវិកាមួយចំនួន ៕
ដោយ សំ សាម៉ន (ប្រភព÷ កងទ័ពជើងគោក)





