លោកឧត្តមសេនីយ៍ទោ ហេង សុផល ចុះសួរសុខទុក្ខនិងឧបត្ថម្ភអតីតយុទ្ធជន ៧គ្រួសារមុនឱកាសបុណ្យភ្ជុំបិណ្ឌ
AKPកំពង់ធំថ្ងៃទី២ខែតុលាឆ្នាំ២០២៦--
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតំណាងឯកឧត្តមនួន ផារ័ត្នអភិបាលខេត្តប្រធានសមាគមអតីតយុវជននិងនិវត្តយុវជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចុះសួរសុខទុក្ខនិងនាំយកអំណោយស្បៀងអាហារ ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជនចំនួន៧គ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ទោះបីមានការមមាញឹកក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃយ៉ាងណាក្តីកាលពីរសៀលថ្ងៃទី១ខែតុលាឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តនិងជាអនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតំណាងឯកឧត្តមនួន ផារ័ត្នអភិបាលខេត្តប្រធានសមាគមអតីតយុវជននិងនិវត្តយុវជនកម្ពុជាខេត្តកំពង់ធំបានដឹកនាំកងកម្លាំងចុះសួរសុខទុក្ខនិងនាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគនិងថវិកាទៅឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជនចំនួន៧គ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន«មរតកតេជោធិបតី ថ្លុកព្រីង»ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ ហេង សុផលបានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជាអតីតយុទ្ធជនតែងតែទទួលបានការគិតគូរពីសុខទុក្ខ សុខុមាលភាពនិងជីវភាពរស់នៅរបស់ពួកគាត់និងក្រុមគ្រួសារ ជាពិសេសចំពោះអ្នកដែលបានលះបង់កម្លាំងកាយចិត្តនិងបំពេញភារកិច្ច ក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ នាពេលកន្លងមក។

លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ថា ការចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនអតីតយុទ្ធជននៅពេលនេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់និងការចងចាំចំពោះគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ព្រមទាំងជាការចែករំលែកក្តីស្រឡាញ់ និងភាពកក់ក្តៅ ក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ។
លោកឧត្តមសេនីយ៍ទោស្នងការបានផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការរស់នៅស្អាត បរិភោគអាហារស្អាត មានអនាម័យ និងសម្អាតបរិស្ថានជុំវិញលំនៅឋានឱ្យបានស្អាតជាប្រចាំ ដេកក្នុងមុង ដើម្បីបង្ការជំងឺដែលបង្កឡើងដោយមូសខ្លា។
ទន្ទឹមនឹងនេះលោកឧត្តមសេនីយ៍ទោស្នងការបានអំពាវនាវឱ្យបងប្អូនបន្តចូលរួមថែរក្សាសន្តិភាពនិងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»តាមរយៈការចូលរួមបង្ការនិងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រក្សាសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស និងបញ្ហាក្មេងទំនើង។ចូលរួមថែរក្សាអនាម័យ បរិស្ថាននៅមូលដ្ឋានឱ្យមានសោភ័ណភាពនឹងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រប់រូបភាពនៃការឆបោកតាមបច្ចេកវិទ្យាដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមនិងរក្សាផលប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋ ក្នុងចូលរួមអនុវត្តអនុក្រឹត្យលេខ០៣ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានឧបត្ថម្ភដល់អតីតយុទ្ធជនទាំង៧គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន០១ បេ មីចំនួន ០២កេសនំចំនួន១ធុង ទឹកបរិសុទ្ធនិងថវិកាចំនួន១០ម៉ឺរៀល។ដោយឡែក មេភូមិទទួលបានថវិកាចំនួន ១០ម៉ឺនរៀលព្រមទាំងអ្នកចូលរួមនិងកម្លាំងប្រជាការពារចំនួន១៩នាក់ទទួលបានថវិកាមួយចំនួនផងដែរ។
លោក ធីវ ថាត តំណាងឱ្យអតីតយុទ្ធជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផលនិងប្រតិភូអមដំណើរ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារនិងថវិកាមកឧបត្ថម្ភដល់ពួកគាត់។សូមគោរពជូនពរដល់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ជួបប្រទះតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ ស៊ុម វណ្ណា





