ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយអតីតយុទ្ធជននិងនិវត្តជន មកពីស្រុកចំនួន៣ក្នុងខេត្តតាកែវ
AKPតាកែវថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦–
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនមកពីស្រុកចំនួន៣ រួមមាន ស្រុកគីរីវង់ កោះអណ្ដែត និងបូរីជលសារ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនអតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារ ចូលរួមយ៉ាងច្រើនកុះករ។ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណសាលាស្រុកគិរីវង់ខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍៥រោចខែភទ្របទឆ្នាំមមីអដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែតុលាឆ្នាំ២០២៦។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីនិរទូរគមនាគមន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតាកែវ បានពាំនាំនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ៗរូប។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះរៀមច្បង និងពូមីងនិវត្តជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការកសាង និងបង្កើតនូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់គ្រប់វិស័យ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងទុកជាសមិទ្ធផលសម្រាប់អ្នកជំនាន់ក្រោយ។សមិទ្ធផលទាំងនេះយើងខ្ញុំជាកូនចៅជំនាន់ក្រោយ សូមប្តេជ្ញាចិត្តថែរក្សា ការពារ និងបន្តអភិវឌ្ឍឱ្យរឹតតែរីកចម្រើនទ្វេដងបន្ថែមទៀត ។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរយុទ្ធជនទាំងអស់ ដែលបានតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី និងទប់ស្កាត់ការឈ្លានពានលើដែនអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបណ្ឌិតបានអំពាវនាវដល់អតីតយុទ្ធជន និវត្តជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីភាពគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរួមគ្នាកសាងប្រទេសជាតិឱ្យរឹងមាំ និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យការពារជាតិ និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានជម្រាបជូនអំពីសមិទ្ធផល និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសជាតិ រួមមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀន មន្ទីរពេទ្យ និងស្ពាន-ថ្នល់ ដែលបាននិងកំពុងសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានរំលឹកអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន កន្លងមកនិងបន្តដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន ដែលបានផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់អតីតយុទ្ធជន និងនិវត្តជន រួមមាន ការផ្តល់ដីសម្បទានសង្គមកិច្ច សេវាថែទាំសុខភាព ការជួយសាងសង់លំនៅដ្ឋាន ព្រមទាំងការផ្តល់ប្រាក់ឧបត្ថម្ភ និងប្រាក់សោធននិវត្តន៍ជាទៀងទាត់ផងដែរ ៕
ដោយ៖ អ៊ុច សៀង





