អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេព ២អង្គ នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ
AKPសៀមរាប ថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២៦–
អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីប្រោះព្រំ ភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពចំនួន ២អង្គ ក្រោមយុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ» នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្នុងគោលបំណងស្ដារឡើងវិញនូវសោភ័ណភាព និងតម្លៃប្រវត្តិសាស្ត្រនៃបេតិកភណ្ឌអង្គរ ក៏ដូចជានាំយកវត្ថុបុរាណដែលបានបាត់បង់ឱ្យវិលត្រឡប់មកកាន់ទីតាំងដើមវិញ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម លោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំកម្ពុជា លោកស្រី Katherine Diop ប្រធានផ្នែកកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា ពិធីភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពនៅខ្លោងទ្វារជ័យនាពេលនេះ មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់មហានគរខ្មែរ និងជាសញ្ញានៃការនាំព្រលឹងដូនតាខ្មែរឱ្យវិលត្រឡប់មកថែរក្សាអង្គរឡើងវិញ ក្នុងបរិបទដែលកម្ពុជាកំពុងមានសុខសន្តិភាព និងស្ថិរភាពពេញលេញ។
លោកជំទាវបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា៖ «ពិធីនេះមានសារៈសំខាន់ ដោយបាននាំព្រលឹងរបស់ដូនតាខ្មែរឱ្យវិលត្រឡប់មកជួយថែរក្សាអង្គរឡើងវិញ ព្រមទាំងនាំមកនូវសន្តិភាព។ ខ្លោងទ្វារជ័យ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់ ដែលព្រះមហាក្សត្រខ្មែរធ្លាប់ប្រារព្ធពិធីធំៗ ដូចជាពិធីគ្រងរាជ្យ និងពិធីយាងទៅសមរភូមិជាដើម»។

លោកជំទាវបន្ថែមថា ការដំឡើងព្រះសិរទេព និងអសុរៈឡើងវិញ មិនត្រឹមតែជួយលើកសោភ័ណភាពនៃបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរបានទៅធ្វើសក្ការបូជាផងដែរ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានគូសបញ្ជាក់ថា ចម្លាក់ទេព និងអសុរៈទាំងអស់ដែលឈរអមខ្លោងទ្វារជ័យ បានឆ្លងកាត់ទាំងយុគសម័យរុងរឿង និងគ្រាលំបាកជាច្រើន រួមទាំងសង្គ្រាមជាច្រើនជំនាន់ ប៉ុន្តែនៅតែបន្តឈរជាសក្ខីភាពប្រវត្តិសាស្ត្រ និងរួមសុខរួមទុក្ខជាមួយប្រជាជនខ្មែរគ្រប់ជំនាន់ ទោះបីជាចម្លាក់ជាច្រើនបានបាត់បង់ផ្នែកខ្លះនៃរាងកាយក៏ដោយ។
តាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅអមខ្លោងទ្វារជ័យនៃក្រុងអង្គរធំ មានចម្លាក់ទេវៈ និងអសុរៈទាញព្រ័ត្រសរុបចំនួន ១០៨។ ដោយសារការបំផ្លិចបំផ្លាញក្នុងអំឡុងសង្គ្រាមជាច្រើនជំនាន់ ព្រះសិរចម្លាក់ដែលធ្វើពីថ្មភក់ភាគច្រើនបានបាត់បង់ និងបែកខ្ញែកទៅកាន់ទីតាំងផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស។

ទោះជាយ៉ាងណា អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការគាំទ្រពីអង្គការ UNESCO ប្រទេសបារាំង ជប៉ុន សហរដ្ឋអាមេរិក និងដៃគូអន្តរជាតិផ្សេងៗ បានខិតខំស្រាវជ្រាវ ប្រមូល និងទាមទារយកព្រះសិរចម្លាក់ទេព និងអសុរៈទាំងនោះឱ្យវិលត្រឡប់មកកម្ពុជាវិញ ដើម្បីតម្កល់នៅទីតាំងដើម។ បច្ចុប្បន្ន ព្រះសិរភាគច្រើនត្រូវបានរកឃើញ និងប្រមូលមកវិញស្ទើរតែគ្រប់ចំនួន ដោយនៅសល់តែចំនួន ៣ ប៉ុណ្ណោះ ដែលកំពុងតម្កល់នៅសារមន្ទីរក្រៅប្រទេស និងស្ថិតក្នុងដំណើរការចរចាដើម្បីនាំយកមកកម្ពុជាវិញនាពេលខាងមុខ។
លោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរចំពោះការរៀបចំពិធីនេះ ដោយចាត់ទុកថា ជាការគោរព និងលើកតម្កើងតម្លៃវប្បធម៌ខ្មែរ ដែលជាបេតិកភណ្ឌពិភពលោក។ លោកបានបញ្ជាក់ថា UNESCO នឹងបន្តគាំទ្រកម្ពុជាតាមរយៈគណៈកម្មាធិការ ICC-Angkor ដូចដែលបានធ្វើជាប់លាប់តាំងពីឆ្នាំ១៩៩៣មក។

ដោយឡែក លោកស្រី Katherine Diop ប្រធានផ្នែកកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការការពារសម្បត្តិវប្បធម៌ជាមួយកម្ពុជា។ ក្នុងរយៈពេលកន្លងមក សហរដ្ឋអាមេរិកបានចូលរួមយ៉ាងសកម្មក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណ និងសិល្បវត្ថុខ្មែរជាច្រើនឱ្យវិលត្រឡប់មកមាតុប្រទេសវិញ ដោយក្នុងនោះមានវត្ថុបុរាណប្រមាណជាង ៩០០បំណែក ត្រូវបានបញ្ជូនមកកម្ពុជាវិញក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

យុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ» ត្រូវបានចាត់ទុកថា ជានិមិត្តរូបនៃសន្តិភាព ស្ថិរភាព និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ដែលអនុញ្ញាតឱ្យវត្ថុបុរាណ និងចម្លាក់បុរាណខ្មែរអាចវិលត្រឡប់ទៅកាន់ទីតាំងដើមរបស់ខ្លួនវិញ ស្របតាមទស្សនៈគោលនយោបាយថ្មីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការពង្រឹងការអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌជាតិឱ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ៖ ឃុត សៅ





