ស្ថានទូតអាម៉េរិក រៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក EducationUSA Fair ២០២៦ ផ្សាភ្ជាប់ទំនាក់ទំនងនិស្សិតកម្ពុជា ជាង ២ ០០០ នាក់
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦--ស្ថានទូតអាម៉េរិកប្រចាំរាជធានីភ្នំពេញ បានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក EducationUSA Fair ប្រចាំឆ្នាំ នៅខេត្តសៀមរាប កាលពីថ្ងៃទី ២៨ ខែកញ្ញា និងនៅរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែកញ្ញា ដោយបានទាក់ទាញសិស្ស និស្សិត បុគ្គលិកអប់រំ ព្រមទាំងអាណាព្យាបាលជាង ២ ០០០ នាក់។ ពិព័រណ៍ នេះ បានផ្សាភ្ជាប់និស្សិតកម្ពុជា ដែលមានបំណងបន្តការសិក្សា ជាមួយតំណាង និងអតីតនិស្សិតមកពី គ្រឹះស្ថានឧត្តមសិក្សានានាមកពីសហរដ្ឋអាមេរិក។ អ្នកចូលរួមទទួលបានការយល់ដឹងស៊ីជម្រៅ អំពីកម្មវិធី សិក្សាសម្រាប់ជំនាញដែលមានតម្រូវការខ្ពស់ រួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងបញ្ញាពិសេស (SI) ក្នុងពេលដែលពួកគេស្វែងយល់ពីសញ្ញាបត្រ ដែលទទួលបានពី សហរដ្ឋអាមេរិក ជាការបើកផ្លូវមួយដ៏មានប្រសិទ្ធភាពសម្រាប់អាជីពការងារ នៅពេលដែលនិស្សិតត្រឡប់ មកប្រទេសកម្ពុជាវិញ។

មន្ត្រីជំនាញមកពីស្ថានទូតអាមេរិក ក៏មានវត្តមានចូលរួមផ្តល់ការណែនាំអំពីលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន និងតម្រូវការគោលនយោបាយទិដ្ឋាការផ្សេងៗផងដែរ។
ស្របពេលដែលសហរដ្ឋអាមេរិករម្លឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិអាម៉េរិក ស្ថានទូតអាម៉េរិក នៅតែបន្តពង្រឹងចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយរំលេចនូវឱកាសសិក្សាលក្ខណៈ លំដាប់ពិភពលោក សម្រាប់យុវជនកម្ពុជា ដែលមានសមត្ថភាព។ ឧត្តមសិក្សានៅសហរដ្ឋអាមេរិកនៅតែជាគ្រឹះដ៏សំខាន់ ក្នុងការជំរុញនវានុវត្តន៍ និងភាពជាអ្នកដឹកនាំសកល ដែលមិនត្រឹមតែផ្តល់ជូននិស្សិត នូវសញ្ញាបត្រកម្រិតពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលនូវជំនាញអនុវត្តចាំបាច់នានា សម្រាប់បង្កើន ភាពប្រកួតប្រជែងយ៉ាងជោគជ័យ នៅក្នុងសេដ្ឋកិច្ចសកលលោក ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។

លោកស្រី Aleks Zittle ភារធារីប្រចាំស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា និងឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ ការសិក្សា EducationUSA Fair នៅរាជធានីភ្នំពេញ។ រីឯពិព័រណ៍ការសិក្សានៅខេត្តសៀមរាបវិញ មានការអញ្ជើញចូលរួមបើកពី លោកស្រី Katherine Diop ទីប្រឹក្សាផ្នែកកិច្ចការសាធារណៈនៃស្ថានទូត និង លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ។
ក្នុងឱកាសនោះ លោកស្រី Aleks Zittle ភារធារីស្តីទី បានមានប្រសាសន៍ថា៖ «ខណៈដែលកម្ពុជាកំពុងឆ្ពោះទៅរក សេដ្ឋកិច្ចដែលពឹងផ្អែកលើបច្ចេកវិទ្យា ជំនាញ និងចំណេះដឹង ការសិក្សានៅសហរដ្ឋអាមេរិក ផ្តល់ឱ្យសិស្ស នូវឧត្តមភាពប្រកួតប្រជែងខ្លាំង។ ក្នុងនាមជាអ្នកដឹកនាំកម្រិតសកល លើវិស័យជឿនលឿន SI និង STEM ដែលមានដូចជា រ៉ូបូត សន្តិសុខសាយប័រ វិស្វកម្ម និងស្វ័យប្រវត្តិកម្ម សាកលវិទ្យាល័យអាមេរិក ជួយ ពង្រឹងសមត្ថភាពសិស្សកម្ពុជា តាមរយៈការក្រេបយកចំណេះដឹង និងជំនាញឈានមុខនៅបរទេស ហើយ នាំយកជំនាញសំខាន់ៗទាំងនោះត្រឡប់មកវិញ ក្នុងការអភិវឌ្ឍអនាគតកម្ពុជា»។

សូមជម្រាបជូនថា មហាវិទ្យាល័យ និងសាកលវិទ្យាល័យអាមេរិកចំនួន ១៣ បានចូលរួមក្នុងព្រឹត្តិការណ៍នៅរាជធានីភ្នំពេញ ដែលក្នុងនោះ ស្ថាប័នចំនួន ១១ បានមានវត្តមានក្នុងពិព័រណ៍ការសិក្សានៅខេត្តសៀមរាប។ ស្ថាប័នសរុប ចំនួន ១៣ មានដូចជា៖ San Jose State University, East Los Angeles College, Foothill and De Anza College, California Baptist University, University of Bridgeport, Highline College, College of Central Florida, Moraine Valley Community College, Tacoma Community College, Bellevue College, Edmonds College, University of Arizona, និង Green River College។ ស្ថាប័នអប់រំទាំងអស់នេះ បានរួមគ្នាផ្តល់ជូននូវជម្រើសសិក្សា និងឧត្តមសិក្សា យ៉ាងទូលំទូលាយ ដែលរាប់បញ្ចូលតាំងពីសាកល វិទ្យាល័យសាធារណៈ និងឯកជន រហូតដល់មហា វិទ្យាល័យសហគមន៍ ក្រោមកម្មវិធីសិក្សារយៈពេល ២ ឆ្នាំ។
ស្ថានទូតអាម៉េរិកផ្តល់សេវាប្រឹក្សាយោបល់ EducationUSA ដោយឥតគិតថ្លៃពេញមួយឆ្នាំ ដោយមាន ជម្រើសទាំងការជួបផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ សមាជិកក្រុមការងារប្រឹក្សាយោបល់ EducationUSA ទាំង៥ រូប កំពុងមានវត្តមាន នៅមជ្ឈមណ្ឌលចំនួន២ ក្នុងរាជធានីភ្នំពេញ និងខេត្ត សៀមរាប ដើម្បីណែនាំសិស្សានុសិស្ស សម្រាប់ដំណើរកម្មវិធីសិក្សាទៅកាន់សហរដ្ឋអាមេរិករបស់ពួកគេ។ សិស្សានុសិស្សអាចទទួលបានការណែនាំលក្ខណៈឯកជន អំពីដំណើរការដាក់ពាក្យសុំចូលរៀន នៅសហរដ្ឋអាមេរិក ព្រមទាំងអាចចូលប្រើប្រាស់ព័ត៌មាន សៀវភៅ និងសម្ភារៈត្រៀមប្រឡងផ្សេងៗបាន ផងដែរ៕
ដោយ៖ រិទ្ធី, ប្រភព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា





