ឯកឧត្តម ចាន់ ស៊ីណាត អំពាវនាវពលរដ្ឋឱ្យថែរក្សាវប្បធម៌ ៧ មករា និងគណបក្សប្រជាជនឱ្យបានគង់វង្ស ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ
AKP កំពង់ធំ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ចាន់ ស៊ីណាត បានអំពាវនាវពលរដ្ឋឱ្យថែរក្សាវប្បធម៌ ៧ មករា និងគណបក្សប្រជាជនឱ្យបានគង់វង្ស ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ។ឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ បានអំពាវនាវដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយលោកតា លោកយាយ ពុទ្ធបរិស័ទ និងព្រះសង្ឃនៅក្នុងវត្តខ្មាក់ ក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងនាម ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ឯកឧត្តម ចាន់ ស៊ីណាត បានសម្តែងនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋានឃុំចំណាលើនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះ និងគ្រប់វិស័យ ជាពិសេសការនៅរួមរស់ស្និទ្ធស្នាលដោយផ្ទាល់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងមូលដ្ឋាន និងចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនៅក្នុងឃុំចំណាលើឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ឯកឧត្តម ចាន់ ស៊ីណាត បានអំពាវនាវថែមទៀតដល់ពលរដ្ឋក្នុងមូលដ្ឋាន អាជ្ញាធរ ការិយាល័យអង្គភាព មន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរស្រុកស្ទោង ត្រូវរួបរួមសហការប្រកៀកស្មាគ្នាក្នុងការប្រយុទ្ធប្រឆាំងទប់ទល់នឹងគ្រោះទឹកជំនន់ ដែលកំពុងយារយីរក្នុងស្រុកស្ទោង ក្នុងឃុំចំណាលើ កុំឱ្យលិចលង់ និងប៉ះពាល់ធ្ងន់ធ្ងរដល់ផលដំណាំ សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងជីវភាពរស់នៅក្នុងមូលដ្ឋាន។

ឯកឧត្តមបានបន្ថែមថា ក្នុងនាមក្រុមការងារអាជ្ញាធរមូលដ្ឋាន គឺនៅរួមរស់ស្និទ្ធស្នាលមិនបណ្ដែតបណ្ដោយ ឬទុកឱ្យពលរដ្ឋនៅក្នុងឃុំចំណាលើរងគ្រោះ ឯកា ខ្វះភាពកក់ក្តៅ ឬគ្មានការយកចិត្តទុកដាក់នោះឡើយ ផ្ទុយទៅវិញ គឺមានតែភាពស្និទ្ធស្នាល និងជឿជាក់បន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាយលើ បានឧបត្ថម្ភដល់វត្តទាំង៦ នៅក្នុងឃុំចំណាលើ ក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ក្នុង ១វត្តទទួលបានបច្ច័យចំនួន ២លានរៀល ដោយឡែកវត្តខ្មាក់ទទួលបាននូវបច្ច័យ ៤លានរៀលបន្ថែមទៀតសម្រាប់កសាងវត្ត និងបានឧបត្ថម្ភដល់ពុទ្ធបរិស័ទដែលបានចូលរួមប្រមាណ ២៤៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤ម៉ឺនរៀល៕
ដោយ៖ ស៊ុម វណ្ណា





